ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបេីករថយន្តឡិចសុីសLX470 មួយគ្រឿងក្នុងល្បឿនលឿន រួចរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ដេកដល់ដីចំនួន២កង់ រីឯរថយន្ដរងការខូចខាតយ៉ាងដំណំ ដែលបង្កឡើងកាលពីវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះ គេឃើញរថយន្ដឡិចស៉ីសLX 470 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9685 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់រាបពេញផ្លូវចំនួន០២កង់ ឯរថយន្តបង្កបានខ្ទេចពីមុខផ្នែកខាងឆ្វេងជាខ្លាំង ។ ដោយឡែកបុរសម្នាក់ដែលជាតៃកុងរថយន្ត មិនរងរបួសធ្ងន់ធ្ងរនោះទេ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ