ខេត្តស្ទឹងត្រែង៖ គិតមកដល់សប្តាហ៍ទី៣ ខែតុលា ឆ្នាំ ២០២២ តម្លៃដំឡូងមីស្រស់ត្រូវឈ្មួញបានទិញក្នុងតម្លៃតែ២៩០ឬ ៣០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ដែលការទំលាក់ថ្លៃទិញនេះ បានបង្កឱ្យកសិករប្រកបរបរដាំ ដំឡូងត្អូញត្អែពីការខាតបង់ប្រាក់ចំណូលក្នុងផលរបរកសិកម្មមួយនេះ។
ក្នុងសកម្មភាពដឹកដំឡូងមី មកលក់នៅដេប៉ូទិញដំឡូងនៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង នៅថ្ងៃទី២០ ខែតុលានេះ លោក វាសនា កសិករលក់ដំឡូងមី បានបញ្ជាក់ថា ថៅកែមកប្រមូលទិញដំឡូងមីស្រស់ និងក្រៀមបានដល់ក្នុងភូមិតែម្តង គ្រាន់តែឲ្យតម្លៃទាបហាក់ដូចជាទីផ្សារដំឡូង នៅនឹងមាត់ឈ្មួញឱ្យតម្លៃតែប៉ុណ្ណោះ។ មកដល់ចុងខែតុលា នេះឈ្មួញមកទិញក្នុង១គីឡីក្រាម តែ២៩០ ទៅ៣១០ រៀលប៉ុណ្ណោះ ខុសតម្លៃកាលពីខែកញ្ញាឈ្មួញក្នុងតម្លៃ៣៧០ ទៅ ៤២០រៀល ខុសគ្នាជាង១០០រៀល។ លោកបញ្ជាក់ទៀតថា ដាំដំឡូងមីនៅសេសសល់ពីទឹកភ្លៀងលិចខូច ត្រូវដណ្តើមប្រមូលផលពីហ្វូងសត្វជ្រូកព្រៃ ចូលឈ្មូសស៊ីបំផ្លាញ ប្រមូលបានផលត្រឹមតែ ១០តោនជាងតិចតួចប៉ុណ្ណោះ ហើយដឹកមកលក់មានតម្លៃទាបបន្ថែមទៀត។
ថៅកែដែលប្រមូលទិញដំឡូងមី សុំមិនឱ្យបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា ការប្រមូលទិញដំឡូងមីស្រស់នៅតាមភូមិ ក្នុង១ គីឡូក្រាមហ៊ានទិញត្រឹមតែ ២៩០ទៅ៣១០រៀលប៉ុណ្ណោះ ដោយសារចំណាយលុយទៅលើកម្មករលីសែង និងជួលឡានកែឆ្នៃដឹកជញ្ជូនទៅសាងដាក់ឡានធំបន្ត នៅចំណុចផ្លូវបំបែក គួបផ្សំនឹងផ្លូវពិបាកចេញចូលផង។
តាមការអះអាងពីអ្នកប្រមូលទិញនេះបញ្ជាក់ថា នៅ ពេលនាំដំឡូងចេញទៅគោលដៅលក់ម្តងៗ ត្រូវការចំណាយលុយបង់ឲ្យសមត្ថកិច្ច ដែលមានប៉ុស្តិ៍ត្រួត ពិនិត្យតាមផ្លូវ ហើយនឹងប៉ុស្តិ៍ប៉ូលិសចរាចរណ៍នៅគ្រប់ចំណុចជាហូរហែរ ទំរាំទៅដល់ប្រទេសវៀតណាមត្រូវចំណាយច្រើន ទើបធ្វើឲ្យទីផ្សារវាមានតម្លៃមិនស្ថិតថេរបែបនេះ។
សូមបញ្ជាក់ថា ដំឡូងមី កសិករដែលដាំនៅតាមវាល ទំនាប ទទួលបានផលតិចតួចជាងអ្នកដាំនៅទីខ្ពស់រាប ព្រោះឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនជាងរាល់ឆ្នាំ បង្កឱ្យដំឡូងខូចច្រើនហើយតំបន់ខ្លះខូចខាតទាំងស្រុងតែម្តង ដែលនេះជាបញ្ហាចោទដែលកសិករដាំដំឡូងមីកំពុងជួបប្រទះ រួមទាំងវិបត្តិទីផ្សារកើតឡើងបន្ថែមទៀត៕
ដោយ៖ សូរិយា