ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថបង្ក្រាបបទល្មើសសត្វព្រៃចល័ត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ម៉ូតូ០១គ្រឿងដឹកជញ្ជូនបទល្មើសសត្វព្រៃខុសច្បាប់

ចែករំលែក៖

ខេត្តព្រៃវែង ៖ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង ១១:២៥នាទី លោក វរសេនីយ៍ត្រី ជា សំណាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក បានដឹកកម្លាំងសហការបង្ក្រាបបទល្មើសសត្វព្រៃចល័ត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ម៉ូតូ០១គ្រឿងដឹកជញ្ជូនបទល្មើសសត្វព្រៃខុសច្បាប់។

បង្ក្រាបបទល្មើសជាក់ស្តែងនេះ បានធ្វើឡើងនៅចំណុចភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យជាជនជាតិវៀតណាមមានឈ្មោះ ង្វៀង វាំងហ្វី ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិភឿកទៀង ឃុំថុងប៊ិន ស្រុកតាំហុង ខេត្តដុងថាប់ ប្រទេសវៀតណាម បានដឹកបទល្មើសសត្វព្រៃមានសត្វពស់ចំរុះចំនួន៤០គីឡូក្រាម, ប្រវឹក០២ក្បាល, លលកបាយ ៣១ក្បាល។

សមត្ថកិច្ចបានបន្តថា, បច្ចុប្បន្ន ជនសង្ស័យបានប្រគល់ទៅឱ្យប្រធានក្រុមបង្រ្កាបបទល្មើសសត្វព្រៃចល័ត ដើម្បីកសាងសុំណុំរឿងទៅតាមនីតិវិធី របស់ជំនាញ ៕

ដោយ ៖ សិលា


ចែករំលែក៖