ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវគ្រប់ភាគីពាក់ព័ន្ធផ្ដល់ការគាំទ្រ និងផ្ដល់កិច្ចសហការជាមួយក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ។
ស្របពេលដែលកិច្ចប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់ កិច្ចប្រតិបត្តិការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមគោលការណ៍របស់រាជរដ្ឋាភិបាល វិធានការនានារបស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងដោយយោងតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីអន្តោប្រវេសន៍ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផ្អែកតាមស្ថានភាពជាក់ស្តែង ក្រសួងមហាផ្ទៃ និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអន្តរក្រសួងលេខ ៥១៧៥ ប្រក ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ពិនិត្យ តាមដាន និងជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស ហើយគណៈកម្មការអន្តរក្រសួងនេះ បានដាក់ចេញនូវផែនការអនុវត្តការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា លេខ០០៥ ផ.ក/អ.អ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ។
ដើម្បីគណៈកម្មការអន្តរក្រសួងនេះអនុវត្តផែនការអនុវត្តរបស់ខ្លួនទទួលបានជោគជ័យ ក្រសួង មហាផ្ទៃ និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ គ្រឹះស្ថាន រោងចក្រ សហគ្រាស ទីតាំង ដែលមានប្រើប្រាស់ ហត្ថពលកម្មបរទេស ព្រមទាំងស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការពាក់ព័ន្ធ សូមផ្ដល់ការគាំទ្រ និងចូលរួមសហការក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងនេះ ដើម្បីធានាដល់ការ អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ ៕
ដោយ : សិលា