ខេត្តសៀមរាប៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសផ្តល់ថវិកាចំនួន ៧៦លាន ៨សែនរៀល ជូនដល់កម្មការិនីចំនួន ១៩២នាក់ដែលសម្រាលកូននៅថ្ងៃនេះ គឺថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុនសែន បានប្រកាសបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតចាប់ពីទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះមានកម្មការិនីចំនួន ៤២៦០៨នាក់បានសម្រាលកូន ដោយបង្កើតកូនបានចំនួន ៤២៩២២នាក់ ដោយចំណាយថវិកាឧបត្ថម្ភអស់ចំនួន ជាង១៧ពាន់ ១៦៨លាន ៨សែនរៀល។
បើតាមសម្តេច គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២ មានកម្មការិនីចំនួនជាង ៣សែន ៣ម៉ឺន ៧ពាន់នាក់ ដែលកើតកូនបានជាង ៣សែន ៣ម៉ឺន ៣ពាន់នាក់ ដែលប្រើថវិកាអស់ចំនួន ១៣៣ពាន់លានរៀល។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា កម្មការិនីមានផ្ទៃពោះ ត្រូវបានរាជរដ្ឋាភិបាលជួយឧបត្ថម្ភថវិកាចំនួនជាង ១០ដង រាប់តាំងពីកំពុងតែមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះដោយមិនឥតថ្លៃ រហូតដល់ឆ្លងទន្លេ ដើម្បីជួយឱ្យទារក និងកុមារឆាប់រីកលូតលាស់ធំធាត់។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងបានគិតគូរ ដល់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ជានិច្ច ។ សម្តេចតេជោ ចំណាយពេលវេលាច្រើនណាស់សម្រាប់ ដឹកនាំនាវាកម្ពុជា ទទួលបាន សន្តិភាព ការអភិវឌ្ឍន៍ រីកចម្រើន គ្រប់កាលៈទេសៈ ដែលប្រជាពលរដ្ឋ ជួបការលំបាក ជួបគ្រោះជំនន់ទឹកភ្លៀង គឺមានវត្តមានសម្តេច អញ្ជើញចុះជួយប្រជាពលរដ្ឋ គ្រប់ពេល ៕
ដោយ ៖ សិលា