ប្រទេសវៀតណាម ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខ្ញុំ និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងសមាគមពាណិជ្ជករវ័យក្មេងវៀតណាម (Vietnam Young Entrepreneur Association—VYEA) ដើម្បីស្វែងយល់ និងពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមអាជីវករវ័យក្មេងកម្ពុជា-វៀតណាម។ ជំនួបនេះ ក៏ទទួលបានការចូលរួមផងដែរពីបណ្តានាយកក្រុមហ៊ុន តំណាងក្រុមហ៊ុន និងធុរជនសំខាន់ៗជាច្រើន។
លោកបានបញ្ជាក់ថា, លទ្ធផលស្នូលនៃការពិភាក្សាគ្នានៅព្រឹកនេះរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ គឺការឯកភាពគ្នាចំពោះសារសំខាន់នៃវិស័យឯកជន ជាពិសេសវិស័យសហគ្រិនភាព ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ និងការបង់ពន្ធប្រាក់ចំណេញជូនជាតិ។ ឆ្លើយតបទៅនឹងការតាំងចិត្តរបស់ភាគីធុរជនវៀតណាមក្នុងការបង្កើនលទ្ធភាពឲ្យកាន់តែខ្ពស់សម្រាប់ក្រុមអជីវករកម្ពុជាឲ្យបានមកបើកធុរកិច្ចកាន់តែច្រើនក្នុងប្រទេសវៀតណាម គណៈប្រតិភូកម្ពុជា ក៏បានតាំងចិត្តបង្កើតលទ្ធភាពឲ្យក្រុមធុរជននៃប្រទេសទាំងពីរ បានជួបគ្នាដោយផ្ទាល់នាពេលខាងមុខនេះ ក្រោមការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជា និងសម្ព័ន្ធយុវជនវៀតណាម។
គួរបញ្ជាក់ថា សមាគមពាណិជ្ជករវ័យក្មេងវៀតណាម ជាសមាគមពាណិជ្ជកម្មធំជាងគេបំផុត និងមានសាខានៅទូទាំងរដ្ឋធានី ខេត្តទាំង ៦៣ ក្នុងប្រទេសវៀតណាម។ សមាគមនេះ បានផ្តល់ការងារជូនកម្មករជាង ៣លាននាក់ទូទាំងប្រទេស មានមនុស្សធ្វើការប្រមាណ ១១៥០០ នាក់ និងបានបង់ប្រាក់ចំណូលជូនរដ្ឋចំនួន ៣ពាន់លានដុល្លា ជូនរដ្ឋាភិបាលវៀតណាម ក្នុង១ ឆ្នាំ។
គណៈប្រតិភូនៃប្រទេសទាំងពីរ បានចាត់ទុកជំនួបនៅពេលនេះថាជាកូនសោមាស ដែលជាមូលដ្ឋាននៃការបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងធុរជន ជាយុវជននៃប្រទេសទាំងពីរ ៕
ដោយ ៖ សុខ ខេមរា