ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកម្លាំងកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទម្លាក់និងរៀបចំស្រូវពូជអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីលើរថយន្ត ដើម្បីត្រៀមរៀបចំទុកចែកជូនប្រជាជន ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅខេត្តកំពង់ធំ នាពេលខាងមុខ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាកន្លងមកនេះ ដំណាំស្រូវជាង ១២.០០០ហិកតា នៅទូទាំងខេត្តកំពង់ធំត្រូវបានខូចខាតទាំងស្រុងដោយជំនន់ទឹកភ្លៀង ដែលនៅពេលនេះប្រជាពលរដ្ឋត្រូវការស្រូវពូជ ដើម្បីបង្កបង្កើនផលស្រូវឡើងវិញនៅរដូវទឹកសម្រកនាពេលខាងមុខ ហើយប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួន បានទទួលពូជស្រូវមួយចំនួនរួចហើយ ដោយឡែកប្រជាជនជាង៦.៨០០គ្រួសារផ្សេងទៀត ដែលនឹងត្រូវបន្តទទួលពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងត្រូវចែកជូននៅពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីជូនប្រជាជនយើងយកទៅបង្កបង្កើនផលបានទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីការពារ និងបម្រើប្រជាជននៅពេលដែលប្រជាជនមានទុក្ខលំបាក ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន ហើយនៅពេលខាងមុខនេះ បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងរៀបចំកម្លាំង ចំនួន១៥០នាក់បន្ថែមទៀត ដើម្បីរៀបចំជញ្ជូនស្បៀង អាហារ និងស្រូវពូជជូនប្រជាជននៅក្នុងពិធីនេះផងដែរ ៕
ដោយ៖ កែវមន្នី