ព័ត៌មានទាន់ហេតុការណ៍៖

៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានជាង ៤១ពាន់លានដុល្លារ កើនឡើង១៨ភាគរយ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបាន៤១.០២៣លានដុល្លារអាម៉េរិក គឺមានការកើនឡើង​១៨ភាគរយ បើធៀបរយៈពេល​ដូចគ្នា​ទៅនឹងឆ្នាំ២០២១កន្លងទៅ។

លោកឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានជម្រាបជូនលោកស្រី YUKI KOBAYASHO អ្នក សម្របសម្រួលកម្មវិធីរបស់អង្គការអន្តរជាតិខាងការងារ និងតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)ថា ទំហំពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២២នេះ សម្រេចបាន ៤១.០២៣លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ ក្នុងនោះ ការនាំ ចេញមានចំនួន ១៧.២៥៨លានដុល្លារអាម៉េរិក កើនឡើង ២២ភាគរយ និងការនាំចូល ២៣.៧៦៤លានដុល្លារអាម៉េរិក កើនឡើង ១៥ភាគរយ។

លោករដ្ឋលេខាធិការបានបន្តថា មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញ រួមមាន សម្លៀកបំពាក់ ៧.១៧៥លានដុល្លារអាម៉េរិក កើនឡើង២៣ភាគរយ សម្ភារៈធ្វើដំណើរ និងកាបូប ១.៤១០លានដុល្លារអាម៉េរិក កើនឡើង ៣៥ភាគរយ ស្បែកជើង ១.៣២៥លានដុល្លារអាម៉េរិក កើនឡើង ៣៣ភាគរយ ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី ១.២៨០លានដុល្លារអាម៉េរិក កើនឡើង ៦៩ភាគរយគ្រឿងសង្ហារឹម និងបរិធានបំភ្លឺ ៨២៧លានដុល្លារអាម៉េរិក កើនឡើង ១៥ភាគរយនិង កង់ ៧០០លានដុល្លារអាម៉េរិក កើនឡើង ៤៨ភាគរយ។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានគូសបញ្ជក់ជាថ្មី​នូវការ​ប្តេជ្ញា​ចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រ​សួង​​ពាណិជ្ជកម្ម​ ជាមួយ ILO-Tokyo office និង​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន​ ក្នុងការកែលម្អលក្ខខណ្ឌការងារ ​សិទ្ធិកម្មករ ​សេរីភាពអង្គការវិជ្ជាជីវៈ និង​ជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ ​កាត់ដេរ​សំលៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ​ និងកាបូប ​និងវិស័យផ្សេងៗទៀត ​បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែល​ទិញពីកម្ពុជា ​ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។

បន្ថែមលើនេះ ​កម្ពុជា ក៏នឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលស្បែកជើង គ្រឿង​អេឡិចត្រូនិក និងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោង​រោង​ចក្រ​កាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជា​យន្តការ​ក្នុងការ​ជំរុញឱ្យមានការបញ្ជារទិញ​ទំនិញ​ពី​កម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖