ភ្នំពេញ ៖ រថយន្តមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុង ដោយសារតែឆ្លងចរន្តអគ្គិសនី បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចយករថយន្តបង្ការ និង ពន្លត់អគ្គិភ័យរបស់ទីក្រុង អូឡាំព្យាចេញធ្វើអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញផ្សែងចេញពីរថយន្តមួយគ្រឿង ម៉ាក Mercedes ពណ៌ស គ្មានស្លាកលេខ ដែលចតទុកចោល រហូតបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋ និងសន្តិសុខបម្រើការងារនៅខាងក្នុងពហុកីឡដ្ឋានបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួចទំនាក់ទំនងទៅកម្លាំងជំនាញបង្ការ និង ពន្លត់អគ្គិភ័យដើម្បីចេញជួយធ្វើអន្តរាគមន៍។
បន្ទាប់ពីបានទទួលដំណឹងនេះភ្លាមកម្លាំងជំនាញខាងរថយន្តបង្ការនិងពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យាចំនួន២គ្រឿងបានចេញទៅដល់ទីតាំងកើតហេតុ រួចបានធ្វើការបាញ់ពន្លត់ភ្លាមៗ ដោយមិនបង្កឱ្យឆាបឆេះរាលដាលនិង បង្កឱ្យនរណាម្នាក់រងរបួសនោះទេ៕
ដោយ ៖ រ៉ារ៉ា