ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល ស្ដីពីការថ្កោលទោសទង្វើរបស់ជនក្បត់ជាតិបីជំនាន់ដែលបានប្រមាថអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី ដែល ម្តងហើយម្តងទៀត បានពោលពាក្យប្រមាថ ទម្លាក់កំហុសដោយអសុទ្ធចិត្តយ៉ាងធ្ងន់ធ្ងរ ចំពោះ អង្គព្រះមហាក្សត ជាទីគោរពសក្ការៈ និងជាទីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ ដោយចោទបំផ្លើស ថាព្រះអង្គទ្រង់ មិនមាន មនសិការជាតិ” និង “ក្បត់ជាតិ”។

ទង្វើរបស់ទណ្ឌិតដែលក្បត់ជាតិ តពូជសណ្តានរូបនេះ មិនត្រឹមតែជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និង ផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាការបំពានដឹងងើលបំផុត ចំពោះរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងបង្កនូវការឈឺចាប់រកថ្លែងពុំបាន ចំពោះប្រជារាស្ត្រខ្មែរទូទាំងនគរ ដែលមានទឹកចិត្ត គោរព ស្រឡាញ់ជាទីបំផុត ចំពោះ អង្គព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋ និងជាកំពូលរដ្ឋបុរសស្នេហាជាតិដ៏ ខ្ពង់ខ្ពស់បំផុត។

យើងខ្ញុំទាំងអស់គ្នា សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាទីបំផុត ចំពោះទណ្ឌិតអន្ធពាលក្បត់ជាតិតពូជ សម រង្ស៊ី និងបក្ខពួក គូកន ដែលបានប្រព្រឹតទង្វើប្រមាថដល់ព្រះចេស្តា យ៉ាងឃោរឃៅ ដែលយើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ មិនអាចអត់ឱនឱ្យបានជាដាច់ខាត។

យើងខ្ញុំទាំងអស់គ្នា រួមជាមួយប្រជារាស្ត្រខ្មែរគ្រប់រូប ! សូមប្ដេជ្ញាគាំទ្រ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ បំផុត នៃ អង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ដែលព្រះអង្គជា ឧត្តមជនស្នេហាជាតិដ៏ល្អបរិសុទ្ធ និងតែងតែបានបំពេញព្រះរាជតួនាទីយ៉ាងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ហើយគិតគូរ តម្កល់ប្រយោជន៍ជាតិ និងប្រជាជនរបស់ព្រះអង្គ ជាធំលើសអ្វីទាំងអស់។

ក្រុមមេធាវីរាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ បីជំនាន់ ឱ្យអស់ពីកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖