ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា, ក្នុងនាមប្រជារាស្ត្រខ្មែរមួយរូប ខ្ញុំសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កការបំផុតចំពោះជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថ ដល់ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។ ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ថា «ក្បត់ជាតិ» គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលយើងខ្ញុំជាប្រជានុរាស្រ្តខ្មែរ មិនអាចអត់ឱនឱ្យបានជាដាច់ខាត។
សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ឱ្យបានហ្មឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ ៣ ជំនាន់រូបនេះ ព្រមទាំងបក្ខពួក ដែលបានចូលរួមចំណែកគាំទ្រប្រមាថអង្គព្រះមហាក្សត្រ ដោយមិនអាចលើកលែងបានឡើយ។
សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមដាច់ខាត និងជានិច្ចចំពោះ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូលដ៏ឆ្នើម និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្រ្តខ្មែរ។
សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ដាក់ចុះ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលមនោគមវិជ្ជានយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ ជំនាន់ឱ្យអស់ពីកម្ពុជា ដើម្បីបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព សង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕
ដោយ : សិលា