ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបង្កើនការនាំប្រេងចេញទៅកាន់ប្រទេសដៃគូមុនពេលច្បាប់ដាក់ទណ្ឌកម្មថ្មីរបស់អឺរ៉ុបចូលជាធរមាន

ចែករំលែក៖

ពេលវេលាដឹកជញ្ជូនប្រេងឆៅពីកំពង់ផែរបស់រុស្ស៊ីទៅកាន់ប្រទេសចិន ឥណ្ឌា និងប្រទេសដៃគូបានកើនឡើងខ្ពស់មុនពេលច្បាប់ហាមប្រាមធានារ៉ាប់រងដល់នាវាដឹកប្រេងទាំងឡាយពីរុស្ស៊ីចូលជាធរមាន។ ច្បាប់ដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ីតាមផ្លូវសមុទ្រនឹងចូលជាធរមាននៅខែធ្នូ ឆ្នាំ២០២២។ ច្បាប់ដាក់ទណ្ឌកម្មនោះនឹងហាមប្រាមក្រុមហ៊ុនធានារ៉ាប់រងធ្វើការជាមួយនាវាដឹកប្រេងពីរុស្ស៊ី ។
ប្រទេសតួកគី ចិន និងឥណ្ឌា គឺជាប្រទេសដែលបានផ្តល់ទុនដល់រុស្ស៊ីក្នុងការរក្សាសកម្មភាពផលិតប្រេងឆៅក្រោយការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច បន្ទាប់ពីរុស្ស៊ីវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ។ ចំនួនប្រេងឆៅរបស់រុស្ស៊ីដឹកជញ្ជូនតាមនាវាបានកើនឡើងខ្ពស់ ធ្វើឱ្យសកម្មភាពតាមដានកាន់តែពិបាក។ ភាគច្រើននាវាដឹកប្រេងមានគោលដៅសំដៅទៅកាន់ប្រទេសឥណ្ឌា នាវាដឹកប្រេងមួយចំនួនក៏បានឆ្ពោះទៅកាន់ប្រទេសចិន ។ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នាវាដឹកប្រេងរបស់រុស្ស៊ី បង្កើនការដឹកជញ្ជូនទៅកាន់ប្រទេសតួកគី ចិន និងឥណ្ឌា។
នៅពេលនេះដែរ នាវាដឹកប្រេងឆៅរបស់រុស្ស៊ីមានគោលដៅទៅកាន់កំពង់ផែ Port Said ប្រទេសអេហ្ស៊ីប ប្រទេស Gibraltar ដែលស្ថិតនៅជិតប្រទេសអេស្ប៉ាញ។ សកម្មភាពដឹកជញ្ជូនបានកើនឡើងខ្ពស់មុនពេលច្បាប់ដាក់ទណ្ឌកម្មរបស់អឺរ៉ុបចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូឆ្នាំ២០២២ ។
នាវាដឹកប្រេងទៅកាន់ប្រទេស ចិន ឥណ្ឌា និងតួកគី បានកើនឡើងខ្ពស់បំផុតនៅខែមិថុនា ដោយមានរហូតដល់ ២,២លានបារ៉ែលក្នុងមួយថ្ងៃ។ ក្នុងរយៈពេល១ខែក្រោយមក ការដឹកជញ្ជូនប្រេងក៏បានថយចុះ៣៥០ពាន់បារ៉ែល មកនៅតែ ១,៨៥លានបារ៉ែលក្នុងមួយថ្ងៃតែប៉ុណ្ណោះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Baotintuc.vn


ចែករំលែក៖