ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបង្ហាញគោលជំហគោលនយោបាយគាំទ្រការអភិវឌ្ឍថាមពលកើតឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងកម្មវិធី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា» ដែលជាព្រឹត្តិការណ៍អមនៃកម្មវិធី «សប្តាហ៍អភិវឌ្ឍន៍បៃតងសកល» ដែលរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល។ 

កម្មវិធីនេះមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ពីសំណាក់លោក បាន គីមូន ប្រធានវិទ្សាស្ថានអភិវឌ្ឍន៍បៃតង  និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គនាយករងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង តំណាងប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា  តំណាងក្រុមហ៊ុន H&M តំណាងរោងចក្រកាត់ដេរ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ 

នៅក្នុងសុន្ទរកថាស្វាគមន៍ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ពីជំហគោលនយោបាយរបស់កម្ពុជាក្នុងគាំទ្រការអភិវឌ្ឍថាមពលកើតឡើងវិញ ហើយស្វាគមន៍ និងអំពាវនាវឱ្យការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ ក្នុងគាំទ្របច្ចេកវិទ្យា និងហិរញ្ញវត្ថុ ចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជក់ផងដែរថា ប្រតិភូកម្ពុជាដែលដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ រួមមាន លោកអគ្គនាយក និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សម្រាប់កម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បន្ថែមលើព្រឹត្តិការណ៍អមខាងលើ ប្រតិភូកម្ពុជានឹងចូលរួមកិច្ចប្រជុំចំនួន៣ទៀតរួមមាន៖៖ ១.កិច្ចប្រជុំពេញអង្គលើកទី១១និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ២.កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី និង៣.កិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល៕

ដោយ : សហការី


ចែករំលែក៖