ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះ Sitrang ឆ្លងកាត់បង់ក្លាដែស បណ្តាលឱ្យស្លាប់១៦នាក់និងរាប់សែននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

មន្ត្រីបង់ក្លាដែសបានឱ្យដឹងថា ព្យុះ Sitrang នៅថ្ងៃទី២៥ខែតុលាបានចូលមកដល់ដីគោកឆ្នេរសមុទ្រប្រទេសបង់ក្លាដែស បង្កឱ្យមានខ្យល់ខ្លាំងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង ផ្តួលរំលំដើមឈើជាច្រើនដើម កាត់ផ្តាច់ចរាចរណ៍ និងដាច់អគ្គិសនី ប្រព័ន្ធទំនាក់ទំនង ។ មន្ត្រីបង់ក្លាដែសបានឱ្យដឹងថា មកទល់ពេលនេះមានមនុស្ស ១៦នាក់ស្លាប់។
សារព័ត៌មាន AFP នៅថ្ងៃអង្គារទី២៥ ខែតុលា ឆ្នាំ២០២២បានផ្សាយថា ព្យុះស៊ីក្លូន Sitrang បានបោកបក់ដល់ភាគខាងត្បូងប្រទេសបង់ក្លាដែស កាលពីល្ងាចថ្ងៃទី២៤ខែតុលា ប៉ុន្តែអាជ្ញាធរបានជម្លៀសមនុស្សប្រហែល១លាននាក់ ទៅកាន់ទីសុវត្ថិភាពមុនពេលអាកាសធាតុអាក្រក់មកដល់។ រីឯ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៣៣,០០០នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ជាកុំឱ្យចេញពីកន្លែងស្នាក់នៅ និងមិនមានរបាយការណ៍អំពីការខូចខាតណាមួយដែលបង្កឡើងដោយព្យុះស៉ីក្លូននេះនៅឡើយទេ។
ភ្លៀងបានធ្លាក់ខ្លាំងនៅទូទាំងប្រទេសបង់ក្លាដែស និងបង្កជាទឹកជំនន់នៅទីក្រុងDhaka, Khulna និងបារីសាល់ Barisal។ មនុស្សប្រហែល១០លាននាក់ នៅក្នុងស្រុកចំនួន១៥ ដែលនៅជាប់ឆ្នេរសមុទ្រគឺគ្មានថាមពលប្រើប្រាស់ឡើយ ខណៈដែលសាលារៀនត្រូវបានបិទនៅទូទាំងតំបន់ភាគខាងត្បូង និងភាគនិរតី។
លោកស្រី Jebun Nahar មន្ត្រីរដ្ឋាភិបាលបង់ក្លាដែសបាននិយាយថា «មនុស្សចំនួន១៤នាក់បានស្លាប់ ដែលភាគច្រើនត្រូវដើមឈើដួលរលំលើ ហើយ២នាក់បានស្លាប់ ដោយសារលិចទូកនៅក្នុងទន្លេJamuna ភាគខាងជើង។ រហូតមកដល់ពេលនេះ យើងនៅមិនទាន់ទទួលបានរបាយការណ៍នៃការខូចខាតទាំងអស់នៅឡើយទេ»។
ព្យុះស៊ីក្លូន ដែលមានន័យស្មើនឹងព្យុះហឺរីខិននៅតំបន់មហាសមុទ្រអាត្លង់ទិក ឬក៏ព្យុះទីហ្វុងនៅតំបន់ប៉ាស៊ីហ្វិក គឺជាការគំរាមកំហែងដែលកើតឡើងជាប្រចាំ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា បញ្ហាប្រែប្រួលអាកាសធាតុ ទំនងជាធ្វើឱ្យកើតមានព្យុះកាន់តែខ្លាំង និងញឹកញាប់៕ ដោយ៖ ធីរីណា

រូបថត៖ AFP/TTXVN

រូបថត៖ THX/TTXVN


ចែករំលែក៖