ព័ត៌មានទាន់ហេតុការណ៍៖

សាលក្រមតម្រឹមទោសឧកញ៉ាឌួង ងៀប ៨ ខែ រួចដោះលែងឱ្យមានសេរីភាពវិញ

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តាហ៍កន្លងទៅនេះ បានប្រកាសសាលក្រមផ្តន្ទាទោសឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារកំណត់៨ ខែ ពោលគឺឧកញ៉ា ឌួង ងៀប បានអនុវត្តទោសក្នុងពន្ធនាគារ៨ខែ រួចមកស្រាប់ ដូច្នោះសាលក្រមបានតម្រឹមនិងសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញហើយ ។ 

សូមរម្លឹកថា លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនលោកផ្កាយ៣ ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោក បទក្លែងឯកសារ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ) ។  លោកឧត្តមសេនីយ៍ឌួង ងៀប ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅ មុខសណ្ឋាគារដឺគ្រី ផ្លូវឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ ។ ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ០៣ ផ្លូវឌួងងៀប២ កែងផ្លូវដោនថោន៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ.ឆបោក នឹង បទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ នឹងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសសតាមបញ្ញាត្តិមាត្រា ៣៧៧ នឹងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ នឹងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ ដោយជនសង្ស័យឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ។ យល់ឃើញថា តាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានផុតរយៈពេលអនុវត្ត តែមន្ត្រីនគរបាលយុត្តិធម៍មិនអាចស្វែងរកជនត្រូវចោទរូបនេះឃើញ ដើម្បីអនុវត្តការនាំខ្លួនបាន ។   យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គម្បីសម្រេចឲ្យចាប់ខ្លួនឈ្មោះ ឌួង ងៀប យកមកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីអនុវត្តតាមបញ្ញាត្តិមាត្រា ២៣០ នៃក្រមនីតិ វិធីព្រហ្មទណ្ឌ ។ ហេតុដូច្នេះសម្រេចបញ្ជាដល់កម្លាំងសាធារណៈ ឲ្យចាប់ខ្លួន នឹងបង្គាប់ឲ្យប្រធានពន្ធ នាគារ PJ ទទួល នឹងឃុំខ្លួនឈ្មោះ ឌួង ងៀប ដើម្បីចាត់ការតាម ផ្លូវច្បាប់ ។ 

ការចាប់ឃុំខ្លួនលោក ឌួង ងៀប នៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ ពីលោកបានបង្ហោះឃ្លីបវីដេអូមួយ ពាក់ព័ន្ធកាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់លោកប្រែពីសទៅខ្មៅ និងចោទប្រកាន់លើរូបគាត់ថា បានឆបោកប្រាក់ពីជនជាតិចិនតៃវ៉ាន់ ដែលឃ្លីបវីដេអូនោះត្រូវបានបណ្តាញទំនាក់សង្គមយកទៅបង្ហោះ នឹងមានការចែកចាយតៗ គ្នា ។

តាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នោះដែរ បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIHYUEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ពន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹង បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន៧.៣០៥.០០០ ដុល្លារមេរិក ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ហើយ ប៉ុន្តែជនត្រូវចោទពុំមានដីឲ្យទៅម្ចាស់ប្រាក់នោះឡើយ មានតែ(ដីខ្យល់) ។ អ្នកនាំពាក្យបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ លោក ឌួង ងៀប បានចេញមូលប្បទានបត្រចំនួន៣សន្លឹកដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០ដុល្លារ លេខ២១៣៩៩៧ មានតម្លៃ៣.៦៥៥.០ ០០០ដុល្លារ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០ ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី ។ បន្ទាប់មកដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់ពីធនាគារ ប៉ុន្តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រគ្មាននេះសាច់ប្រាក់ទេ ពោលគឺ(សែកស្អុយ) ។ អ្នកនាំពាក្យបានបន្តថា ក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ភស្ដុ​តាង និង​សួរចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ហើយ​បានសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដោយ​ជំនួស​មកវិញ​នូវ​ការ​ដាក់​ជន​ត្រូវ​ចោទ​ ឲ្យ​ស្ថិតក្រោម​ការ​ត្រួតពិនិត្យ​តា​ម​ផ្លូវ​តុលាការ តាមរយៈ​ដី​កាស​ម្រេច​លេខ៤២៩៣«ម» ដ.ព.ស ចុះ​ថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ដែល​មាន​កាតព្វកិច្ច​តម្រូវឲ្យ​ជន​ត្រូវ​ចោទ ដាក់​ប្រាក់​ធានា​មិន​ឃុំខ្លួន​ចំ​នួន​៥.៣០៥.​០០០​ដុល្លារអាមេរិក មក​តម្កល់​នៅ ក្នុង​គណនី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងរយៈពេល១ ខែ តែ​ជន​ត្រូវ​ចោទ​ពុំ​បាន​យក​ប្រាក់​ធានា​ខ្លួននេះ​ មក​តម្កល់​តាម​ការកំណត់​ តាមក្នុង​ដីកាសម្រេច​នោះ​ឡើយ ។

ក្រោយពីឃុំខ្លួនឧកញ៉ា ឌួង ងៀប សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការច្រើនលើក និងចេះតែពន្យាពេល ដោយមូលហេតុសុខភាព និងខ្វះមេធាវីការពារក្តីឲ្យជនត្រូវចោទ ។ លុះនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ក្តីកំបាំងមុខលើលើសំណុំរឿងនេះ ដោយផ្តន្ទាទោសលើជនជាប់ចោទ ឌួង ងៀប ដាក់ពន្ធនាគារកំណត់៨ ខែ ទោសមានសល់ត្រូវព្យួរទាំងអស់ និងសម្រេចដោះលែងជនជាប់ចោទឲ្យមានសេរីភាពវិញ ពោលគឺ ឧកញ៉ា ឌួង ងៀប ជាប់ពន្ធនាគារ៨ ខែគត់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖