ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា៖​ មន្ត្រីជំនាញត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ​ ជាពិសេសផលិតផលក្លែងក្លាយដែលបង្កឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានថ្លែង​ថា៖​ មន្ត្រីជំនាញពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ជាពិសេសត្រូវទប់ស្កាត់បទល្មើសផលិតចរាចរណ៍​ ចែកចាយផលិតផលក្លែងក្លាយដែលបង្កឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ។

ជាមួយនេះដែរ លោកស្នងការរង​ បានក្រើនរម្លឹកដល់កម្លាំងត្រូវខិតខំគោរពវិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារប្រចាំបញ្ជា ពិសេសការចូលរួមការពារក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខ។ 

សូមជម្រាបថា​ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ​ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារសម្រាប់អនុវត្តន៍ខែ វិច្ឆិកា ឆ្នាំ២០២២។ 

ក្នុង​កិច្ចប្រជុំនេះដែរ​ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផង៕

ដោយ​៖សហការី​


ចែករំលែក៖