ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងមូស្គូព្រមានពីសកម្មភាពរបស់លោកខាងលិចអាចជំរុញឱ្យមានការប្រឈមមុខដោយផ្ទាល់រវាងរុស្ស៊ីនឹងណាតូ

ចែករំលែក៖

ការបង្កើនផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែនធ្វើឱ្យស្ថានភាពកាន់តែគ្រោះថ្នាក់ គឺអាចជំរុញឱ្យមានការផ្ទុះសង្គ្រាមដោយផ្ទាល់រវាងរុស្ស៊ីនឹងណាតូ ។
លោក Konstantin Vorontsov អគ្គនាយករងនៃនាយកដ្ឋានមិនសាយភាយ និងគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី២៥ តុលា បានប្រកាសថា «អាមេរិកបានបង្កើនការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន និងផ្តល់ព័ត៌មានចារកម្ម ។ សកម្មភាពទាំងនោះនឹងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយ បង្កគ្រោះថ្នាក់កាន់តែខ្លាំង និងការប្រឈមមុខដោយផ្ទាល់រវាងរុស្ស៊ីនឹងណាតូ ។
លោក Konstantin Vorontsov បញ្ជាក់ទៀតថា
«ក្រោមការដឹកនាំរបស់ទីក្រុងវ៉ាស៊ីនតោន ថ្នាក់ដឹកនាំយោធានិងនយោបាយរបស់អ៊ុយក្រែនមិនត្រឹមតែនិយាយពីការវាយប្រហារយកឈ្នះរុស្ស៊ីក្នុងសមរភូមិនោះទេ គឺចង់កម្ចាត់យើងខ្ញុំតែម្តង។ ស្ថានភាពនេះយើងមិនអាចព្រងើយចំពោះស្មារតីរបស់ពលរដ្ឋ Donbass និង ដែនដីដែលបានរំដោះនៅអ៊ុយក្រែននោះឡើយ»។
ក្នុងពេលនេះដែរ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានព្យាករថា «ការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត» នឹងមកដល់នៅក្នុងតំបន់ Kherson នៃភាគខាងត្បូងប្រទេសលើផ្នែកដែលរុស្ស៊ីកាន់កាប់ ខណៈដែលយោធារុស្ស៉ី បង្កើនការទប់ទល់នឹងការវាយរុលទៅមុខពីសំណាក់កងកម្លាំងអ៊ុយក្រែន។
តំបន់ Kherson ដែលមានរដ្ឋធានី និងកំពង់ផែទន្លេ ហើយមានប្រជាជនរស់នៅប្រហែល ២៨០,០០០នាក់ មុនពេលមានសង្គ្រាមផ្ទុះឡើងបានក្លាយជាទីតាំងដ៏ធំបំផុតមួយដែលរុស្ស៊ីដណ្តើមកាន់កាប់បាននៅពេលបើកការឈ្លានពានអ៊ុយក្រែន។ ការវាយបករបស់កងកម្លាំងអ៊ុយក្រែននៅតំបន់នេះ ហាក់ដូចជាមិនសម្រេចបានច្រើនទេ ចាប់តាំងពី ដើមខែតុលាមក។
លោក Oleksiy Arestovych ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានថ្លែងតាមរយៈវីដេអូកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះថា «និយាយពីតំបន់ខឺសុន អ្វីគ្រប់យ៉ាងគឺច្បាស់ណាស់ថា កងកម្លាំងរុស្ស៊ីកំពុងបំពេញបន្ថែម ពង្រឹងក្រុមរបស់ពួកគេនៅទីនោះ។ វាមានន័យថាគ្មាននរណាម្នាក់កំពុងរៀបចំដកថយទេ។ ផ្ទុយទៅវិញ មានតែការប្រយុទ្ធដ៏ខ្លាំងក្លានឹងកើតឡើងក្នុងតំបន់នេះ»។
ក្នុងចំណោមតំបន់ទាំង៤ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថានឹងដាក់បញ្ចូលនោះ តំបន់ខឺសុន គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុត។ វាគ្រប់គ្រងទាំងផ្លូវគោកតែមួយគត់ទៅកាន់តំបន់គ្រីមៀ (Crimea) ដែលរុស្ស៊ីបានក្រសោបយកក្នុងឆ្នាំ២០១៤ និងដងទន្លេ Dnipro ជាទន្លេដ៏ធំដែលឆ្លងកាត់ប្រទេសអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​Twitter


ចែករំលែក៖