ភ្នំពេញ ៖ សមត្ថកិច្ចនឹងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត ព្រូស ពាក់ស្លាកលេខ 2AY-6241 ភ្នំពេញ ដេីម្បីអញ្ជើញមកសារសួរនិងមានវិធានការផ្លូវច្បាប់ ករណីបើកតាមផ្លូវល្បឿនលឿនអត់គោរពច្បាប់ចរាចរណ៍ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
លោកឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អោយដឹងនៅព្រឹកនេះថា បន្ទាប់ពីបានឃើញ វីដេអូ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីរថយន្តព្រូសមួយគ្រឿងបេីកបរបង្ករភាពអនាធិបតេយ្យលេីផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នោះ សមត្ថកិច្ចរបស់លោកនឹងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត ព្រូស ពាក់ស្លាកលេខ 2AY-6241 ភ្នំពេញ ខាងលេីដេីម្បីអញ្ជើញមកសារសួរនិងមានវិធានការផ្លូវច្បាប់ ។
សូមបញ្ជាក់ថា វីដេអូ អំពីរថយន្តព្រូសពាក់ស្លាកលេខ 2AY-6241 ភ្នំពេញ ដែលបេីកបរបង្ករភាពអនាធិបតេយ្យលេីផ្លូវល្បឿនលឿន ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដែលមតិភាគច្រើនមេីលឃេីញថា ម្ចាស់រថយន្តព្រូសខាងលេីនេះ បេីកបរបង្កររឿងតែម្ដង ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍អស់គ្នាដេីម្បីសុវត្ថិភាពគ្រួសារយេីង សង្គមជាតិយើង ការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ៕
ដោយ : សិលា