ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជក់ថ្នាំញៀនបង្កឱ្យឆាបឆេះផ្ទះអ្នកភូមិ អស់ពីរជាន់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍មន្ត្រីជំនាញនៃស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា នៅវេលាម៉ោង ១៨ និង ៣០ នាទីយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២២ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែងនៅចំណុចក្បែរសណ្ឋាគារមុដពេជ្រ២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលជំនាញនៃស្នងការបានបន្តថា ផ្ទះដែលឆេះនោះ ម្ចាស់ផ្ទះឈ្មោះ សួង សុភ័ក្រ្ក ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 តាមប្រភពពីមន្ត្រីសមត្ថកិច្ចបានបន្តថា÷ក្រោយកម្លាំងជំនាញបានពន្លត់ភ្លើងឆេះផ្ទះរួចក៏បានស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ទា ពិសី ភេទប្រុស អាយុ ២៣ ឆ្នាំមានទីលំនៅមិនពិតប្រាកដ តែមកលួចដេកស្នាក់នៅក្នុងផ្ទះនេះរយៈពេលមួយខែកន្លះមកហើយ,បន្ទាប់មកក៏បានឃាត់ខ្លួន ។

 មន្ត្រីសមត្ថកិច្ចនគរបាលជំនាញបានបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច ជនសង្ស័យត្រូវបានយកមកសួរនាំពីមូលហេតុភ្លើងឆេះផ្ទះ ក្នុងករណីដោយសារជនសង្ស័យម្នាក់បានដុតទៀនជក់គ្រឿងញៀនដោយដាក់ទៀនដែលឆេះនៅលើក្រដាសហើយដាក់លើពូកដេក ពេលជក់រួចជនសង្ស័យបានចេញទៅក្រៅវិញរួចពុំបានពន្លត់ទៀននោះទេ ទើបបណ្ដាលឱ្យឆាបឆេះផ្ទះ។

សម្ភារដែលខូចខាតរួមមាន ៖ ផ្ទះពីរជាន់មានទំហំ(១០ម៉ែត្រ×២០ម៉ែត្រ)ឈើលាយថ្មខាងក្រោម ប្រក់ស័ង្កសីនិងអីវ៉ាន់ចាបហួយមួយចំនួន។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ៥គ្រឿង រថយន្ដអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ៣គ្រឿង និងរថយន្ដអគ្គិភ័យថៃចំនួន ២ គ្រឿង បានពន្លត់រលត់ទាំងស្រុង និងប្រើប្រាស់ឡានទឹកចំនួន ៥ ឡាន សូមអរគុណក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តបានសហការជាមួយកម្លាំងជំនាញថៃ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖