ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការតវ៉ា២ថ្ងៃជាប់គ្នាករណីដីធ្លីជនជាតិដើមភាគតិចព្នងនៅឃុំសែនមនោរម្យត្រូវលួចលក់ តែគ្មានអ្នកដោះស្រាយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋមួយភូមិលើកគ្នាតវ៉ារយៈពីរថ្ងៃជាប់គ្នាគឺថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២២នៅសាលាឃុំនឹងនៅកន្លែងខ្ទមអ្នកតា ករណីអាជ្ញាធរលួចលក់ដីចំការ ពលរដ្ឋជនជាតិដើមភាគតិចព្នងមួយភូមិគឺភូមិពូរ៉ាងជិត២០០គ្រួសារ។ ជាក់ស្តែងនាព្រឹក ថ្ងៃទី២៧ ខែ តុលា អ្នកភូមិបានលើកគ្នាធ្វើការតវ៉ានៅមុខសាលា ឃុំសែនមនោរម្យ ដោយចោទថា អាជ្ញាធរបានឃុបឃិតលួចលក់ដីចំការរបស់ពួកគាត់ទំហំ២៥៥ហិកតា ទៅឲ្យឈ្មោះ ចឹងធានសេង រស់នៅរាជធានីភ្នំពេញ ។

បងប្អូនជនជាតិភាគតិចព្នងមួយភូមិ១៣២គ្រួសារមានសមាជិកជាង៥០០នាក់អំឡុងការតវ៉ាកាលពីព្រឹកមិញ។គេសង្កេតឃើញប្រជាពលរដ្ឋមកតវ៉ាជិត២០០នាក់។តំណាងឲ្យអ្នកភូមិពូរ៉ាងឈ្មោះ ជើស ម្លើង បានថ្លែងថា “អាជ្ញាធរ បានលួចលក់ដីចំការរបស់ពួកខ្ញុំ…” ។ លោកថា កន្លងទៅគេបានចុះមកចុចនិយាមកា គេថាដីអ្នកភូមិនេះមិនអីទេ បន្ទាប់មកយកបង្គោលរបងមកដាក់ក្នុងចំការដំឡូងចំការស្វាយទៀត គេថាមិនអីដែរ ។ ស្រាប់ តែពេលនេះ គេបែរជាមកបិទប្រកាសនៅសាលាឃុំតែម្ដង ដែលធ្វើឲ្យពួកគាត់មិនសុខចិត្ត ហើយទាមទារឲ្យរក្សាទំហំដីនេះជាប្រយោជន៍រួមរបស់អ្នកភូមិ ។

ស្ត្រីអ្នកភូមិម្នាក់ទៀតបានលើកឡើងថា ពួកគាត់បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីរអាជ្ញាធរមានថ្នាក់ស្រុក និងថ្នាក់ខេត្តដែរ ប៉ុន្តែថ្នាក់ដឹកនាំទាំងអស់នោះភូតកុហក់ ។ អ្នកស្រីថា អភិបាលខេត្តមណ្ឌលគិរីលោក ថង សាវ៉ុន បានសន្យាដោះស្រាយបញ្ហាឲ្យពួកគាត់មុនការ បោះឆ្នោតឃុំសង្កាត់ ប៉ុន្តែតាមពិតភូត ។

លោកស្រី ថ្វាន់ ត្រែល មេឃុំសែន មនោរម្យបានថ្លែង ទទួលស្គាល់ថា ទីតាំងដីខាងលើពិតជាចំការដែលប្រជាពលរដ្ឋអាស្រ័យផលរាប់តំណរមកហើយ វាជាជីវិតជីវភាពរបស់ពួកគាត់ ។ លោកស្រីថា មិនបានដឹងគេចុះមកវាស់វែង ឬចុចនិយាមកាលើផ្ទៃដីទាំងនោះទេ ។

លោក សៀក មុន្នី អភិបាលស្រុកអូររាំងមិនអាចសុំបំភ្លឺបានទេដោយលោកប្រាប់ថាជាប់ប្រជុំ ។ 

សូមបញ្ជាក់ថា បច្ចុប្បន្នវិបត្តិដីធ្លីបាននិងកំពុងកើតឡើង យ៉ាងពុះកញ្រ្ជោលនៅក្នុខេត្តមណ្ឌលគិរី ជាពិសេសកើត មានទៅលើពលរដ្ឋជនជាតិដើមភាគតិច ។ ឧទាហរណ៍ដូចជាករណីខ្លះពលរដ្ឋកំពុងរស់នៅ ឬអាស្រ័យផលលើដីដែលបន្សល់ទុកដោយដូនតារបស់ពួគេក៏ស្រាប់តែមានអ្នកផ្សេងកាន់ប្លង់មកអះអាងថា ជាម្ចាស់ដីដែលធ្វើ ឲ្យបញ្ហាផ្ទុះឡើងយ៉ាងស្រួចស្រាល ។

ហេតុការណ៍នេះត្រូវគេមើលឃើញថា បណ្ដាលមកពីការយល់ដឹងផ្នែកច្បាប់របស់បងប្អូនជនជាតិភាគតិចនៅមានកម្រិត,ការជាប់ រវល់ការងារ និងជឿថា ជាដីតពីដូនតានឹងដីតំណមអារក្សអ្នកតាគ្មានអ្នកណាហ៊ានប៉ះពាល់ និងអំពើពុក រលួយជាប្រព័ន្ធទាក់ទងការងារធ្វើប្លង់ដីជាដើម ៕

ដោយ៖ សូរិយា


ចែករំលែក៖