ករណីឆ្លងកូវីដ-១៩ និងការស្លាប់ ក្នុងមួយសប្តាហ៍កន្លងមកបន្តថយចុះពី១៥% ចំណែកអ្នកស្លាប់បានថយចុះ១៣%ប៉ុណ្ណោះ ដែលជារឿងមួយដីល្អ ព្រោះការឆ្លងរាលដាលបន្តថយចុះ ។ ប៉ុន្តែវីរុសបំប្លែងថ្មីចេញពីអូមីក្រុងធ្វើឱ្យអង្គការសុខភាពពិភពលោកត្រូវតែប្រុងប្រយ័ត្នខ្ពស់។
តាមការព្រមានពីស្ថាប័នទទួលបន្ទុកស្តីពីជំងឺឆ្លងរបស់អង្គការWHO បានប្រកាសនៅថ្ងៃទី ២៧ខែតុលាថា ករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល១សប្តាហ៍កន្លងមកមាន ២,៦៩ លាននាក់ ថយចុះ១៥% បើប្រៀបធៀបនឹងសប្តាហ៍មុន ចំណែកអ្នកស្លាប់មាន ៨.៥៦២នាក់ ថយចុះ១៣%។
តំបន់ដែលមានករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតនៅតែជាអឺរ៉ុប មាន ១,៤៦លាននាក់។ បន្ទាប់មកគឺតំបន់ភាគខាងលិចអាស៊ីប៉ាស៊ីហ្វិកនិងអាមេរិក។ ចំណែកតំបន់អាស៊ីអាគ្នេយ៍ តំបន់មេឌីទែរ៉ាណេ អាហ្វ្រិកមិនមានករណីឆ្លងកើនឡើងខ្ពស់នោះឡើយ។
គេហទំព័រ Worldometers នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២៦,៧៦៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ២៤១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៩,២០០,៥៥៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៩៣,៩០១នាក់ និងជាសះស្បើយឡើងវិញសរុប ៩៦.៦១លាននាក់៕ ដោយ៖ ធីរីណា
រូបថត ៖ WHO