ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងមិនសប្បាយចិត្តនោះទេ ចំពោះក្រុមហ៊ុនកំពុងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដែលធ្វើផ្លូវគ្មានបច្ចេកទេសត្រឹមត្រូវ ឥឡូវក្រុមហ៊ុនបានសុំពន្យាពេលកែលម្អរការសាងសង់ឡើងវិញ ដោយបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣ ទៅទៀត។
សូមបញ្ជាក់ថា, ក្រុមហ៊ុន ហាន់សុិញ ដែលសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ស្ថិតក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន យូរមកហើយ ហេតុអីក៏មានសិទ្ធិចូលដេញថ្លៃ គម្រោងស្ថាបនាឡើងវិញផ្លូវជាតិ២ ផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ៥ ?
ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងសិក្សាពីបច្ចេកទេសរបស់ក្រុមហ៊ុនកំពុងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដែលសាងសង់ផ្លូវមិនទាន់ពេលវេលាកំណត់ ដោយក្រុមហ៊ុនចេះតែសុំពន្យាពេលរហូត។ នេះបើតតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រសួងមិនសប្បាយចិត្តនោះទេ ព្រោះក្រុមហ៊ុនកំពុងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ធ្វើគ្មានបច្ចេកទេសត្រឹមត្រូវ ឥឡូវក្រុមហ៊ុនបានសុំពន្យាពេលកែលម្អរការសាងសង់ឡើងវិញ ដោយបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣។ ទោះយ៉ាងណាក្រសួងបានចុះត្រួតពិនិត្យបច្ចេកទេសរហូតរកឃើញថា សាងសង់ត្រឹមត្រូវតាមបច្ចេកទេស ទើបក្រសួងទទួលយក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា កាលពីថ្ងៃទី ០៦ ខែតុលាកន្លងមក លោកបានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជារួចហើយ ដោយបានពិភាក្សាគ្នាលើកយកបញ្ហាប្រឈមដែលបានកើតឡើង មកជជែក ស្វែងរកដំណោះស្រាយរួមគ្នា ស្តាប់សំណូមពររបស់ក្រុមហ៊ុនម៉ៅការសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួបប្រទះកន្លងមក។ កិច្ចប្រជុំក៏បានស្នើសុំអនុសាសន៍ណែនាំបន្ថែម ក្នុងគោលបំណងជំរុញឱ្យការអនុវត្តគម្រោងអាចសម្រេចបាននូវលទ្ធផលល្អប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស កុំឱ្យជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារនេះ ដែលជាកត្តាអវិជ្ជមានដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២ នឹងប្រើប្រាស់ថវិកាហិរញ្ញប្បទានសម្បទានកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋសរុប ៥១ លានដុល្លារ។ ផ្លូវនេះ ការសាងសង់មានការយឺតយ៉ាវខ្លាំង ព្រោះក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ លើសពីនេះក៏មានចំណុចខ្លះសង់ខ្វះគុណភាពជាច្រើន។
ក្រសួងក៏បានដាក់កំហិតឱ្យក្រុមហ៊ុនដោះស្រាយ បើផ្លូវនេះគ្មានគុណភាព ក្រសួងនឹងមិនទទួលយកទេ។ គម្រោងផ្លូវនេះ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ។
សូមរំលឹកថា, ក្រុមហ៊ុន ហាន់សុិញ ស្ថាបនាភ្លឺជាតិលេខ២១បេ ពីក្រុងតាខ្មៅទៅកាន់ព្រំដែនវៀតណាមស្រុកកោះធំខេត្តកណ្ដាល គឺមានបញ្ហាពាក់ព័ន្ធទៅនឹងគុណភាពបច្ចេកទេស បណ្ដាលឱ្យសុទ្ធប្រេះស្រាំ ហើយលោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាឲ្យជួសជុលឡើងវិញ និងចាត់ទុកក្រុមហ៊ុននេះក្នុងបញ្ជីខ្មៅ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះ បែរជាមានសិទ្ធិដេញថ្លៃគម្រោងស្ថាបនាឡើងវិញផ្លូវជាតិលេខ 5 ពីខេត្តកំពង់ឆ្នាំងដល់ចំណុចធ្លាម្អមខេត្តពោធិ៍សាត់ និងបន្តដេញថ្លៃសាងសង់ផ្លូវជាតិលេខ 2 និងផ្លូវជាតិលេខ 22 នេះក៏កើតជាចម្ងល់មួយដែរ។
សង្ឃឹមថា, ក្រសួងសាធារណការនិងដឹកជញ្ជូន អាចនឹងបញ្ឈប់ឲ្យក្រុមហ៊ុនមួយនេះចូលដេញថ្លៃ ដូចដឹងស្រាប់ហើយការស្ថាបនាគ្មានគុណភាពនេះ ៕
ដោយ : សិលា