ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្វាយសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យខួប លើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បរពិតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួង មហាផ្ទៃ មានសេចក្តីសោមនស្សប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង សូមព្រះបរមរាជានុញ្ញាត សម្តែងនូវអំណរសាទរក្នុងឱកាសដ៏មហានកុត្តឫក្សនៃព្រះរាជពិធីបុណ្យខួប លើកទី១៨ ការយាងគ្រងព្រះបរម រាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។
អស់រយៈកាល១៨ព្រះវស្សា កន្លងមកនេះ ប្រជារាស្ត្រខ្មែរបានរស់នៅយ៉ាងសុខដុម ក្រោមព្រះបារមីដ៏ ពិសិដ្ឋនៃព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះបរមនាមជាព្រះប្រមុខរដ្ឋ ប្រកបដោយទសពិធរាជធម៌ ព្រះអង្គបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាព្រះនិម្មិតរូប នៃឯកភាពជាតិ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងព្រះមហាករុណាទិគុណ និងព្រះរាជគុណូបការៈដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្តែងអភិវន្ទនកិច្ច និងកតញ្ញូកតវេទីយ៉ាងស្មោះស្ម័គ្រជាទីបំផុតថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងថ្វាយកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុ ដ៏ឧត្ដុង្គឧត្តមនៃជាតិ និងប្រជារាស្ត្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ ។
នាឱកាសដ៏អភិសិរីវិសេសវិសាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួង និងសូមប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ប្រជារាស្ត្រខ្មែរជានិរន្តរ៍តរៀងទៅ ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ ។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស៕
ដោយ ៖ សិលា