ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងថ្នាក់ជាតិឈរជើងពាសពេញបឹងទន្លេសាប! ទីបំផុតជនជាតិវៀតណាមប្រើប្រាស់ឧបករណ៍(ឈ្នក់)ចាប់ត្រីល្អិតទាំងតោនៗ

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទរាយមងសន្ទូច រស់នៅផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិសាស្រ្តខេត្តពោធិ៍សាត់ងឿងឆ្ងល់ថា មួយរយៈកន្លងទៅហាក់បីដូចមានសន្ទុះខ្លាំងក្លា និងមានប្រសិទ្ធភាពក្នុងការបង្រ្កាបបទល្មើសជលផល ប៉ុន្តែបច្ចុប្បន្ននេះ គេឃើញជនជាតិវៀតណាម ប្រើប្រាស់ប្រភេទឧបករណ៍នេសាទរួមផ្សំភ្លើងអំពូលពណ៌(ឈ្នក់)ធ្វើឲ្យត្រីល្អិតៗចម្រុះ(កុំ)រួចក្រសោបចាប់ទាំងតោនៗ តើអាចទទួលលាភសក្ការៈដូចមន្រ្តីថ្នាក់ខេត្តដែរឬយ៉ាងណា? ។

 សេចក្ដីរាយការណ៍ពីប្រជានេសាទដដែល នាយប់ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះទៀតថា ឧបករណ៍រួមផ្សំអគ្គិសនីអំពូលភ្លើងពណ៌(ឈ្នក់)ខុសច្បាប់ស្ដីពីជលផល ធ្វើឲ្យត្រីកុំ រួចគេក្រសោបចាប់ទាំងពូជនេះ កើតមានច្រើនស្ថិតនៅឃុំកំពង់ ឃុំក្បាលត្រាច និងឃុំអន្សាចំបក់ ស្រុកក្រគរ ដែលនៅមិនឆ្ងាយប៉ុន្មានពីស្នាក់ការប្រចាំការកម្លាំងថ្នាក់ជាតិនោះឡើយ។ ពិសេសជាងនេះទៀតនោះ ជនជាតិវៀតណាមនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ គេឃើញភ្លើងពណ៌មើលពីចម្ងាយដូចទីក្រុងឬបណ្ដែតប្រទីប សំពះព្រះខែអ៊ីចឹង ។

  ប្រភពព័ត៌មានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន គេចាប់ត្រីដោយឧបករណ៍(ឈ្នក់)ខាងលើនេះ ក្នុង១កន្លែងឬប្រើភ្លើងអំពូល១ចាប់ពីចំនួន៣០០គីឡូក្រាមទៅជិត១តោន ចុះរាប់សិបអំពូលភ្លើងដូច្នេះ មិនវិនាសហិនហោចអស់ហើយទេពូជត្រី? ម្យ៉ាងទៀតត្រូវបានគេឮល្ហៀងៗថា បានជាប់ពាក់ព័ន្ធគ្រប់ស្ថាប័នអស់ទៅហើយ រឿងលាភសក្ការៈនោះ ។ ដូច្នេះមានតែថ្នាក់លើទេដែលអាចសិក្សាអំពីកូនចៅ តើអាចពាក់ព័ន្ធដូចថ្នាក់មូលដ្ឋានដែរឬយ៉ាងណានោះ ខណៈកម្លាំងថ្នាក់ជាតិឈរជើងពាសពេញបឹងទន្លេសាប ទៅហើយ តែនៅមានជនជាតិវៀតណាមនេសាទត្រីប្រើឧបករណ៍ទំនើបខុសច្បាប់បានយ៉ាងរលូន៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖