សារព័ត៌មាន យ៉ុងហាប់របស់ កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលអន្តរទ្វីប ចេញទៅកាន់តំបន់សមុទ្រខាងកើត ។ នេះជាការបាញ់សាកល្បងលើកទី៤២ហើយរបស់កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២នេះ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា នៅពេលនេះមិនទាន់មានព័ត៌មានលម្អិតស្តីពីការបាញ់សាកល្បងនោះឡើយ ។ ការបាញ់សាកល្បងកើតឡើង ក្រោយពេលកូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ព្រមានដល់កូរ៉េខាងត្បូង នៅតំបន់ព្រំដែនសមុទ្រ របស់ប្រទេសទាំងពីរ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានដកស្រង់ការប្រកាសរបស់ទីបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូង (JCS) ក៏បានបញ្ជាក់ពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូង ផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។
ការបាញ់សាកល្បងរបស់កូរ៉េខាងជើងកើតឡើង ពេលអាមេរិក និងកូរ៉េខាងត្បូង ត្រៀមបញ្ចប់ការធ្វើសមយុទ្ធ Hoguk។
ក្នុងពេលនេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បាននិយាយថា ពិភពលោកកំពុងដកដង្ហើមធំ និងព្រួយបារម្ភកាន់តែខ្លាំង ជុំវិញលទ្ធភាព ដែលកូរ៉េខាងជើង អាចធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ។
ប្រមុខ IAEA លោក រ៉ាហ្វាអែល ហ្រ្គូស៉ី (Rafael Grossi) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «មនុស្សគ្រប់គ្នាកំពុងដកដង្ហើមធំចំពោះរឿងនេះ ពីព្រោះការសាកល្បងអាវុធនុយក្លេអ៊ែរណាមួយ នឹងក្លាយជាការបញ្ជាក់កាន់តែច្បាស់ពីកម្មវិធីដែលកំពុងដំណើរការទៅមុខ តាមរបៀបដែលមិនគួរឲ្យជឿរ និងគួរឲ្យព្រួយបារម្ភ»។
លោក ហ្រ្គូស៉ី បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា «ជាការពិតណាស់ ការធ្វើតេស្តបន្ថែមទៀតមានន័យថាពួកគេកំពុងកែលម្អការរៀបចំ និងពង្រឹងឃ្លាំង អាវុធរបស់ពួកគេ។ ដូច្នេះ យើងកំពុងតាមដានរឿងនេះយ៉ាងដិតដល់។ ហើយយើងសង្ឃឹមថាវានឹងមិនកើតឡើងនោះទេ»។
ភាពភ័យខ្លាចនៃការសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានកើតមានឡើងជាថ្មី ក្រោយពេលដែលទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ បានបាញ់ផ្លោងមីស៉ីលរយៈចម្ងាយខ្លី និងរយៈចម្ងាយឆ្ងាយ ដែលបានធ្វើឲ្យប្រទេសជិតខាងកូរ៉េខាងត្បូង និងជប៉ុន ព្រួយបារម្ភអំពីចេតនារបស់កូរ៉េខាងជើង៕
ដោយ៖ធីរីណា(រូបថត ៖ Zingnews.vn)