ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណងម្នាក់របួសបាក់ភ្លៅម៉ូតូខ្ទេចជា២កំណាត់ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយម៉ូតូសណ្ដោងរុឺម៉ក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសកម្មករសំណង់ម្នាក់របួសបាក់ភ្លៅធ្ងន់ធ្ងរ សន្លប់នឹងកន្លែង ដោយសារម៉ូតូសណ្ដោងរុឺម៉កឈប់ចតខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូមកពីក្រោយបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤២នាទីយប់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២  លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ ពោធិតាហោ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ក្រុងបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ យាង ប៊ុនលាភ  អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ ចំបក់កោង ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S ៦៤៦១ ខូចខាតដាច់កង់មុខចេញជាពីរកំណាត់។

ចំណែកអ្នកបើកម៉ូតូសណ្ដោងរុឺម៉កបង្កហេតុមានឈ្មោះសុខ ប៊ុនធឿន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ក្បាលស្ពាន សង្កាត់ ពោធិតាហោ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងម៉ាកយ៉ាម៉ាហា សុីរួស ពណ៌ ខ្មៅ ពាក់ស្លាកលេខវៀតណាម ៩៣.P១ ៤១២.៣៨ លើផ្លូវលេខ ៣១៤ ឈប់ចត លើចិញ្ចើមផ្លូវ ពីកើតទៅលិច ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S ៦៤៦១ធ្វើដំណើរស្របទិសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយមក មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចំណែកអ្នករបួសត្រូវបានដឹកសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្តស្វាយរៀង ៕

ដោយ៖ សុថាន


ចែករំលែក៖