ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អគ្គិភ័យឆេះផ្សារដើមអំពិល បានបំផ្លាញតូបរបស់អាជីវករអស់ចំនួន១២តូបទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះអគ្គិភ័យឆាបឆេះផ្សារដេីមអំពិលយ៉ាងសន្ធោសន្ធៅ ដោយបានបំផ្លាញតូបរបស់អាជីវករអស់ចំនួន ១២តូបអស់ទាំងស្រុង ដែលបង្កឡើងកាលពីវេលាម៉ោង០៥ និង១០នាទីល្ងាច ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអះអាងថា កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក ចំនួន ១២គ្រឿង ដើម្បីចេញមកជួយសង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ជាង ០៧ឡាន ហើយឡានទឹកទាំងអស់នេះ មានទាំងរបស់សមត្ថកិច្ច និងក្រុមហ៊ុនឯកជន ដែលបានរួមដៃគ្នាយ៉ាងស្អិតរមួតផងដែរ។

     នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បន្តថា ឡានទឹកដែលចេញជួយសង្គ្រោះរួមមាន រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន, រថយន្តអគ្គិភ័យ ផ្សារទំនេីប អូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន។ 

     លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ បានបំផ្លាញតូបអាជីវករលក់ដូរអស់ចំនួន ១២តូបទាំងស្រុង ក្នុងនោះជាប្រភេទ ឈេីប្រក់សង្ក័សី ដែលមានទំហំ ១ម៉ែត្រ x ២ម៉ែត្រ។

     ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវ ដោយក្នុងនោះ មិនមានអ្នករងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖