ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រផឹកស្រាស្រវឹងលោតទឹកទន្លេធ្វើអត្តឃាតពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាល ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់ពុំដឹងជាមានវិបត្តិអ្វីផឹកស្រាស្រវឹង ជិះទូកដរដល់ពាក់កណ្ដាលទន្លេបានលោតទឹកចូលក្នុងទន្លេបញ្ចប់ជីវិតខ្លួនឯង។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទីយប់  នៅចំណុចកំពង់ចម្លងវត្តខ្ពប ដើមព្រីង ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

   មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ញឹម សុផារី ភេទស្រី អាយុ២៧ឆ្នាំ ស្រុកកំណើត ភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

    ប្រភពដដែលបន្តថា  នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានត្រឡប់មកពីធ្វើការរោងចក្រវិញ ហើយមកផឹកស្រានៅមុខវត្តព្រែកអំបិល រួចហើយក៏បានឆ្លងដ ដើមព្រីង មកផ្ទះនៅភូមិរកាលើ ពេលឆ្លងជិតដល់ត្រើយខាងកើតជនរងគ្រោះក៏បានលោតពីលើទូកដរចូលទៅក្នុងទឹកសម្លាប់ខ្លួនតែម្ដង។

     បច្ចុប្បន្នសាកសព កម្មការិនីរោងចក្រខាងលើត្រូវបានសមត្ថកិច្ចកំពុងធ្វើការរាវរក ដើម្បីប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖