នៅពេលនេះប្រធានាធិបតីអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារសំដៅទៅលើស្វាមីប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ដោយចាត់ទុកថានោះគឺជាទង្វើ “គួរឱ្យស្អប់ខ្ពើម” និងជាប់ពាក់ព័ន្ធនៃលទ្ធិជ្រុលនិយម។
សារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា បើតាមក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ជនមិនស្គាល់មុខម្នាក់បានវាយប្រហារលើលោក ប៉ូល ប៉េឡូស៊ី (Paul Pelosi) ដោយប្រើញញួរ និងធ្វើឱ្យរូបលោកប្រេះលលាដ៍ក្បាលកាលពីថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីជននេះសម្រុកចូលផ្ទះរបស់អ្នកទាំង២ ដើម្បីស្វែងរកលោកស្រី ប៉េឡូស៊ី។ ថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុងហ្វីឡាដែលហ្វៀ លោក បៃឌិន បានបញ្ជាក់ដូច្នេះថា «អំពើហិង្សានយោបាយមិនមានកន្លែងឈរជើងនៅសហរដ្ឋអាមេរិកទេ… វាល្មមគ្រប់គ្រាន់ហើយ»។
លោក ប៉ូល ប៉េឡូស៊ី មានអាយុ ៨២ឆ្នាំ បច្ចុប្បន្នកំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ ក្រោយឆ្លងកាត់ការវះកាត់ដោយជោគជ័យ ហើយស្ថានភាពរបស់លោកស្ថិតនៅក្នុងភាពនឹងន។ នៅពេលហេតុការណ៍ខាងលើកើតឡើង លោក ប៉ូល ប៉េឡូស៊ី ស្ថិតនៅផ្ទះតែម្នាក់ឯងក្នុងរដ្ឋកាលីហ្វ័រនីញ៉ា រីឯលោកស្រី ប៉េឡូស៊ី កំពុងបំពេញការងារនៅទីក្រុងវ៉ាស៊ីនតោន។ ចំណែកជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួនក្រោមបទចោទប្រកាន់ប៉ុនប៉ងមនុស្សឃាត៕ ដោយ៖ ធីរីណា
រូបថត ៖ AFP
រូបថត ៖ CNN