ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងរថយន្តដឹកឈើស្លាប់គាបជាប់ក្នុងរថយន្ត និងម្នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ ក្នុងស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បុរសជាអ្នកបើកបររថយន្តម្នាក់បានស្លាប់គាបជាប់នឹងរថយន្ត និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នា កាលពីវេលាម៉ោង១៩ និង០៥នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចគីឡូម៉ែត្រ៥៣-៥៤ ស្ថិតនៅក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកស្លាប់ឈ្មោះ ណាង ស៊ីណាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាកសិករ មានទីកន្លែងកំណើត ភូមិដាលិច ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បានបើករថយន្តម៉ាកកាមរីពណ៌ក្រហម មិនមានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បានមកបុកចំពីមុខពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក toyota prius ពណ៌ទឹកមាសពាក់ស្លាកលេខ មណ្ឌលគិរី 2B-3564 បើកបរដោយឈ្មោះ សៀង ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជានគរបាល បណ្ដាលឲ្យរងរបួសធ្ងន់ មានទីលំនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយត្រូវបានបញ្ជូនសង្គ្រោះទៅឯមន្ទីរពេទ្យ នៃប្រទេសវៀតណាម។

ប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានបង្ហើបថា មុនកើតហេតុគេឃើញរថយន្តម៉ាកកាមរីពណ៌ក្រហម មានដឹកឈើពីខាងក្នុង បើកបរក្នុងល្បឿនលឿន ដោយមានរថយន្ត ប្រភេទពីរបាំងពណ៌ខ្មៅ ដែលគេសង្ស័យថា ជារថយន្តសមត្ថកិច្ចដេញចាប់រថយន្តដឹកឈើនេះ។ គ្រានោះរថយន្តព្រូស បើកបរក្នុងទិសដៅបញ្ច្រាសទិសមកជាមួយក៏បានបុកខ្ទុបគ្នាចំពីខាងមុខ។

ក្រោយកើតហេតុរថយន្តដែលដេញរថយន្តដឹកឈើបានគេចខ្លួនបាត់។ ករណីនេះគេសង្ស័យថា ជាករណីប្រដេញគ្នារវាងរថយន្តដឹកឈើ និងរថយន្តឆ្មាំ ចាំដកតុងតាមដងផ្លូវដូចករណីកន្លងមក៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖