ខេត្តត្បូងឃ្មុំ ៖ លោក វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាអំពាក់១ ស្ថិតនៅភូមិរពាក់១ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសំណាក់លោកអនុប្រធានក្រុមការងារ លោក លោកស្រីប្រធានក្រុមការងារចុះជួយឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ៤០០នាក់ផងដែរ។
លោក វេង សាខុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ ប្រការ។ លោកប្រធាន បានបន្ថែមថា សមិទ្ធផល និងការអភិវឌ្ឍដែលទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញក្រោមការដឹកនាំដ៏ឆ្នើមបំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មួយវិញទៀត ការអភវិឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំក៏ជាចំណុចអាទិភាពរបស់សម្តេចតេជោផងដែរ។ ហេតុនេះ លោក វេង សាខុន ជឿជាក់ថា អគារសិក្សាថ្មី ១ខ្នងនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងជួយលើកស្ទួយ និងផ្តល់បរិយាកាសយ៉ាងល្អសម្រាប់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សក្នុងសាលាបឋមសិក្សាអំពាក់១ ទាំងអស់ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត។
ក្រៅពីនេះ លោកប្រធានក្រុមការងារ ក៏បានរំលឹកអំពីសមិទ្ធផលជាច្រើនដែលលោក និងក្រុមការងារសម្រេចបានក្នុងរយៈពេលជាង ២០ឆ្នាំ នៃការចុះមកជួយស្រុកតំបែរ ហើយសន្យាថានឹងបន្តចុះជួយ ដោះស្រាយរាល់បញ្ហា ចិញ្ចឹមចលនា និងគាំទ្រប្រជាពលរដ្ឋយើងបន្តទៀត។ សមិទ្ធផលទាំងអស់នេះ គឺមិនអាចកាត់ថ្លៃបានបើមិនមានកិច្ចសហការ និងការគាំទ្រពីសំណាក់ប្រជាជនយើងនៅស្រុកតំបែរ ហេតុនេះលោកប្រធានបានណែនាំ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ នៃស្រុកតំបែរ និងទូទាំងខេត្តត្បូងឃ្មុំទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា ជាពិសេសត្រូវបន្តនូវការការពារ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ជាប្រធានគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមជម្រាបជូនថា អគារសិក្សា ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានទំហំ ៩ម៉ែត្រ គុណនិង៤០ម៉ែត្រ មានចំនួន ៥បន្ទប់ ត្រូវបានសាងសង់អស់រយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ ខែតុលាឆ្នាំ២០២២ និងបានចំណាយថវិកា នៃការសាងសងបូករួមទាំងបំពាក់សម្ភារៈអស់សរុប ៩៧ ៤៧០ ដុល្លារអាមេរិក។
បន្ថែមពីនេះ លោក វេង សាខុន ប្រធានក្រុមការងារ ក៏បានឧបត្ថម្ភក្នុងការជួសជុលផ្លូវ និងជូនប្រជាពលរដ្ឋ កងកម្លាំង និងប្រជាការពារ សាលាបឋមសិក្សាអំពាក់១ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស គណបក្សស្រុកតំបែរនូវថវិកាសរុបចំនួន ២០ លានរៀល ព្រមទាំងឧបត្ថម្ភកុំព្យូទ័រ និងម៉ាស៊ីនព្រីន ១ឈុតផងដែរ សម្រាប់ប្រើប្រាស់ក្នុងសាលាបឋមសិក្សាអំពាក់១៕
ដោយ៖សហការី