ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ចែករំលែក៖

 ភ្នំពេញ ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នេះ ទូលព្រះបង្គំ និងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួង ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គ ជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្នុងរយៈពេល ១៨ព្រះវស្សា នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះអង្គ ប្រជារាស្ត្រខ្មែរ បានរស់នៅយ៉ាងសុខដុម ក្រោមព្រះបារមីដ៏ពិសិដ្ឋ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះបរមនាមជាព្រះប្រមុខរដ្ឋ ប្រកបដោយទសពិធរាជធម៌ និងជាព្រះនិម្មិតរូប នៃឯកភាពជាតិ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។  ក្នុងព្រះមហាករុណាទិគុណ និងព្រះរាជគុណូបការៈដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតសម្តែងអភិវន្ទនកិច្ច និងកតញ្ញុកតវេទីយ៉ាងស្មោះស្ម័ត្រជាទីបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងថ្វាយកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិ និងប្រជារាស្រ្តជាទីស្រលាញ់របស់ព្រះអង្គនៅគ្រប់កាលៈទេសៈ ។

ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំប្រសិទ្ធពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ : សហការី


ចែករំលែក៖