ភ្នំពេញ៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌ បានបញ្ជាក់អោយដឹងថា, នារសៀល ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៦ របស់ អ.អ.ផ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកនៃ អ.អ.ផ. ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ននានាពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
នៅក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានធ្វើការវាយតម្លៃសភាពការណ៍រួមនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្រោយមហាសន្និបាទរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានសម្រេចឱ្យមានការចុះធ្វើ On-site Visit នៅកម្ពុជា បន្ទាប់ពីកម្ពុជាបានអនុវត្តពេញលេញនូវសកម្មភាពដែល FATF បានកំណត់។ ទន្ទឹមនេះ, អង្គប្រជុំក៏បានសម្រួចទិសដៅការងារបន្តដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះ On-site Visit នៅកម្ពុជា នាពេលខាងមុខនេះ។
ជារួម, លោករដ្ឋមន្រ្តី និងជាប្រធាន អ.អ.ផ. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែលពាក់ព័ន្ធទាំងអស់ រហូតកម្ពុជាទទួលបាននូវលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ។ ជាមួយគ្នានេះ, លោករដ្ឋមន្រ្តី បានស្នើឱ្យក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែលពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រុមការងារស្នូល ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ៕
ដោយ ៖ សហការី