ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស(ជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែ.ក) ។ នេះបេីតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី ជនរងគ្រោះបានជិះម៉ូតូជាមួយមិត្តភក្តិចេញពីផ្សារធំថ្មីទៅធនាគារ តាមបណ្តោយ ផ្លូវ៥១ លុះពេលធ្វើដំណើរតាមផ្លូវមកដល់ចំណុចក្រោយសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ក៏ត្រូវបានជនសង្ស័យជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា២នាក់គ្នា មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឆក់យកខ្សែ.ក ហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង ។
របាយការណ៍ដដែលបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ បានចុះដល់កន្លែងកើតហេតុបើកការស្រាវជ្រាវ ពិនិត្យកាម៉េរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ឈានដល់កំណត់អត្តសញ្ញាណមុខសញ្ញាដែលផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលបានចងក្រងទុក តាមច្បាមគ្រប់ទីកន្លែងដែលមុខសញ្ញាចេញចូលស្នាក់នៅ ។
លុះមកដល់យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទី ក្រោយពីកំណត់បានទីតាំងលាក់ខ្លួន ផ្នែកជំនាញ ប៉ុស្តិ៍ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៅ ពីយ៉ាបុត្រ ហៅបុត្រ អាយុ២៨ឆ្នាំ នៅចំណុចមុខហាងការ៉ាអូខេ យីហោ Party world ផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសួរចម្លើយ។
បច្ចុប្បន្នជនសង្ស័យ នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែតុលានេះ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖អារុណះ