ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែន ចំនួន១៦០គីឡូក្រាម​ទៅសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ក្នុងករណីដឹកជញ្ជូននិងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ចំនួន១៦០គីឡូក្រាម។

សូមជម្រាបជូនថា៖ ក្នុងប្រតិបត្តិការនេះដោយអនុវត្តតាមបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឹម វីរៈ  លោកវរសេនីយ៍ឯក វ័រ វុទ្ធា លោកវរសេនីយ៍ឯក ហៀង ធារ៉ា នាយករងមន្ទីរ, លោកវរសេនីយ៍ទោ សាន សុខបាន និងលោកវរសេនីយ៍ទោ ហ៊ីង សំអឿន នាយរងការិយាល័យ(ក៧) ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវមកកម្ពុជា នៅចំណុចផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន ៖ 

១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។ 

២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ។

៣-ឈ្មោះ លឹម កុយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យករួមមាន ៖ មេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ ១៦០គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖