ខេត្តព្រៃវែង ៖ នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជេីញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរបាយការណ៍របស់លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានលើកឡើងថា ខេត្តបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំ ហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត បាននិងកំពុងចូលរួមសហការ ក្នុងការបង្កលក្ខណៈល្អប្រសើរ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានរយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
ពាក់ព័ន្ធការងារគ្រប់គ្រងមន្ត្រីរាជការស៊ីវិលវិញ លោក អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រៃវែងមានមន្ត្រីរាជការស៊ីវិលសរុបចំនួន ១១,១៣២នាក់ ស្រីចំនួន ៤,៥៣៣នាក់។ ខេត្តព្រៃវែង មានក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ចំនួន ២៧នាក់ (ស្រី ០៤នាក់), ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៣ ចំនួន ២៤៩នាក់ (ស្រី ៣៤នាក់), ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ចំនួន ៨៩២នាក់(ស្រី១៥៩នាក់)។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តព្រៃវែងសារជាថ្មីម្តងទៀត។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម៕
ដោយ ៖ សហការី