ខេត្តកណ្តាល ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងនគរបាលចម្រុះប្រចាំការការពារគោលដៅក្នុងពិធីប្រណាំងទូកង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្ដកណ្ដាល បានជួយសង្គ្រោះក្មេងចំនួន០៥នាក់ ក្នុងនោះក្មេងស្រី០២នាក់ ដែលវង្វេងឪពុកម្តាយ និងស្វែងរកឃេីញអាណាព្យាបាលក្មេងទាំងនោះ ព្រមទាំងប្រគល់យកត្រឡប់ទៅផ្ទះវិញផងដែរ។
ក្រោយពីបានប្រគល់ក្មេងវង្វេងឲ្យពួកគាត់ដែលជាឪពុក ម្តាយ គឺពួកគាត់មានក្តីសប្បាយរីករាយយ៉ាងខ្លាំង និងបានសម្តែងនូវអំណរគុណចំពោះកងកម្លាំងទាំងអស់បានស្វែងរកកូនៗរបស់ពួកគាត់ឃើញភ្លាមៗដោយមិនមានគ្រោះថ្នាក់។
សូមជម្រាបថា ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កាលពីថ្ងៃសៅរ៍ទី២៩ ខែតុលាកាលពីម្សិលមិញនេះ បានប្រកាសលេខទូរស័ព្ទទទួលបណ្តឹង និងជួយអន្តារគមន៍ដល់ប្រជាពលរដ្ឋដែលមកកម្សាន្តពិធីប្រណាំងទូកនៅក្រុងតាខ្មៅ។
សូមគោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូក ង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងប្រព្រឹត្ដទៅ ថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ឲ្យបានជ្រាបថា ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំទីបញ្ជាការស្រាល ចំនួន២កន្លែង ចាំទទួលពាក្យពាក្យបណ្ដឹង ជួយអន្ដរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាណាមួយពេលមកទស្សនាកម្សាន្ដនេះ ។
កម្លាំងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំផែនការការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ ឲ្យបានសប្បាយរីករាយ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ សប្បាយរីករាយឱ្យបានច្រើនកុះករ៕
ដោយ៖សហការី