ព័ត៌មានទាន់ហេតុការណ៍៖

Update ៖​ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​យប់មិញ​ នៅខណ្ឌ​កំ​បូល​ បំផ្លាញ​ទ្រព្យសម្បត្តិ​សម្ភារៈ​ជា​ទឹកប្រាក់​ប្រហែល​ជិត​៣​ម៉ឺន​ដុល្លារ​

ចែករំលែក៖

​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ករណីគ្រោះអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែងនៅខណ្ឌកំបូល​ កាលពីយប់មិញនេះ​​ បា​នបំផ្លាញ​ទ្រព្យសម្បត្តិ​សម្ភារៈ​ជា​ទឹកប្រាក់​ប្រហែល​ជិត​៣​ម៉ឺន​ដុល្លារ​អាមេរិក​​ ។​ 

ប្រភព​ដដែល​បន្តថា​ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​កាលពី​វេលា​ម៉ោង​ ១២​រំលង​អ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២២​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុងភូមិ​ស្រែ​ក្នុង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ ។​

​បេី​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣០​ ខែតុលា​នេះ​ថា​៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​ មាន​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​លក់​អីវ៉ា​ន់​ចាប់ហួយ​ មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ភ្លាមៗ​នោះ​ លោក​ក៏​បាន​បញ្ជា​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ក្បែរ​ទីតាំង​ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​ផង​ដែរ​។​

លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​ បាន​បន្ត​ថា​ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គីិស​នី​ បាន​បង្ករ​ជា​អគ្គិភ័យ​ឆាបឆេះ​ ហើយ​ក្នុង​នោះ​ធ្វើ​ឲ្យ​ខូចខាត​ឆេះ​សម្ភារៈ​ក្នុងផ្ទះ​អស់ទាំង​ស្រុង​ ដែល​សង់​អំពី​ ដែក​ប្រក់ស​ង្ក័​សី​ ទំហំ​ ៥​ម៉ែត្រ​ x​ ១០​ម៉ែត្រ​ ។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ បាន​បញ្ជាក់​ថា​ ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ កម្លាំង​សមត្ថកិច្ច​របស់​យើង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​ ០៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០២​ឡាន​ ស្មើនឹង​ ១២​ម៉ែត្រគូប​ និង​រថយន្ត​ជំនួយ​មក​ពី​ រថយន្ត​ពន្លត់​អគ្គិភ័យ​ ៩១១​ ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០១​ឡាន​ ស្មើរ​នឹង​ ០៦​ម៉ែត្រគូប​,​ រថយន្ត​ពន្លត់​អគ្គិភ័យ​កងពលតូច​លេខ​៧០​ (​ង​៧០)​ ចំនួន​ ០៤​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០១​ឡាន​ ស្មើរ​នឹង​ ០៦​ម៉ែត្រគូប​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បុរី​សង្ឃឹម​ថ្មី​ ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០១​ឡាន​ ស្មើរ​នឹង​ ០៦​ម៉ែត្រគូប​ ទើប​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​ ១​និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ​។​ 

​គួរបញ្ជាក់ថា​ ចំពោះ​ករណី​អគ្គិភ័យ​ខាងលើ​នេះ​ គឺ​មិន​បាន​បណ្តាល​ឱ្យ​​អ្នក​ណា​ម្នាក់​រង​របួស​ និង​ប៉ះពាល់​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​ គ្រាន់តែ​បំផ្លាញ​ទ្រព្យសម្បត្តិ​ សរុប​​ជា​ទឹកប្រាក់​ប្រហែល​ជិត​៣​ម៉ឺន​ដុល្លារ​អាមេរិក​​៕

ដោយ៖សុខា​ សែនជ័យ​


ចែករំលែក៖