ខេត្តកំពង់ចាម៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវកំណត់មុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ រួមនិងគ្រឿងញៀនជាក់ស្ដែង។
របាយការណ៍ដដែលបន្តថា ជនសង្ស័យចំនួន ៣នាក់ ទី១-ឈ្មោះ សុខជា ឧត្តម ហៅ វៀត ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជាមុខសញ្ញាមានដីកាដោះលែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ទី២-ឈ្មោះ មិត្ត គីមស្រ៊ា ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងកកោះ ឃុំអូរអង្គុញ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ និងទី៣-ឈ្មោះ ម៉ាន អែល ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិអូស្ងួត ឃុំល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងព្រះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋានៈស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៣នាក់ ។
ចំណែកវត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង និងប្រាក់ញុះញង់ចំនួន ១០០.០០០(ដប់ម៉ឺនរៀល) ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង នៅព្រឹកថ្ងៃអង្គារទី០១ ខែវិច្ឆិកានេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សហការី