ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានមានប្រសស៨ថា, «អរគុណសន្ដិភាព» ។
លោកលើកឡើងថា, សន្តិភាព ដែលបានផ្តើមចេញពីដំណើរដ៏វែងឆ្ងាយប្រកបដោយចក្ខុវិស័យ និងទស្សនវិស័យត្រឹមត្រូវក្នុងការស្វែងរកការផ្សះផ្សា បង្រួបបង្រួមជាតិ និងការដោះស្រាយបញ្ហាដោយឈរលើការតម្កល់ប្រយោជន៍ជាតិជាធំ បានហុចផ្លែផ្កាមកជាការអភិវឌ្ឍ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ។ កត្តាសុខសន្តិភាពនេះហើយ ដែលអនុញ្ញាតឱ្យយើងខ្ញុំជាយុវជនជំនាន់ក្រោយមានឱកាសជាច្រើន ជាពិសេសក្នុងការប្រតិបត្តិដើរតាមគន្លងរបស់ថ្នាក់ដឹកនាំក្នុងការការពារព្រះរាជបល្ល័ង្គ របបរាជានិយម និងព្រះមហាក្សត្រ។
លោកបន្តថា, ជាក់ស្តែង តាមរយៈផ្លែការនៃសន្តិភាព ដែលធ្វើឱ្យមានស្ថិរភាព និងការអភិវឌ្ឍ យើងមានឱកាស និងសមត្ថភាពពោរពេញដោយមនសិការ និងឆន្ទៈស្នេហាជាតិខ្ពស់ក្នុងការរៀបចំ ព្រះរាជកម្មវិធីរំលឹកព្រះគុណូបការៈនៃព្រះបិតាឯករាជ្យជាតិនៃយើង ដើម្បីបង្ហាញពីការបន្តស្មារតីស្វាមីភក្តិរបស់ទូលព្រះបង្គំយើងខ្ញុំចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
លោក ហ៊ុនម៉ានី ថ្លែងថា, យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រទេសជាតិប្រកបដោយការលះបង់ កិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេសក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពការបញ្ចប់សង្រ្គាម ស្វែងរកសន្ដិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ ការផ្សះផ្សា បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋ។ ក្នុងនោះយើងខ្ញុំចងចាំផងដែរនូវ ការបេ្ដជ្ញារបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុព្រះរាជបល្ល័ង្កចំពោះមុខព្រះបរមសពរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ថា«ទូលបង្គំនឹងការពាររាជបល្ល័ង្ក ការពាររាជានិយម ការពារ សម្តេចម៉ែ ការពារ ព្រះមហាក្សត្រ សូមព្រះអង្គកុំព្រួយព្រះទ័យ ទូលបង្គំសច្ចាចំពោះមុខព្រះវិញ្ញាណក្ខន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ… ។»
អ្នកតំណាងរាស្ត្ររូបនេះបញ្ជាក់ថា, ព្រះរាជបណ្ដាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រមជាមួយបេសកកម្ម និងការប្តេជាចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រាប់ប្រទេសជាតិ បានផ្តល់ជាសារអប់រំដល់យុវជនជំនាន់ក្រោយឲ្យចេះរួបរួមគ្នាស្រឡាញ់ ថែរក្សា ការពារសន្ដិភាព និងការអភិវឌ្ឍដែលទទួលបានដោយលំបាកតាមរយៈពលិកម្មរបស់ថ្នាក់ដឹកនាំជាតិនាពេលបច្ចុប្បន្ន ការលះបង់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ ព្រមជាមួយការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់ដំណាក់កាល រហូតកម្ពុជាអាចសប្បាយរីករាយជាមួយនឹងសន្ដិភាពពេញលេញ អធិបតេយ្យភាព ឯកភាពជាតិ ឯកភាពទឹកដី សុខសុវត្ថិភាព ស្ថិរភាព និងវឌ្ឍនភាពលើគ្រប់វិស័យរហូតដល់ពេលនេះ ៕
ដោយ : សិលា