ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោងJCC លើកទី២ នៃគម្រោងទីក្រុងឆ្លាតវៃជាមួយJICA និងMLIT កាលពីម្សិលមិញនេះ ក្រោមអធិបតីភាពលោក ស៊ វរិន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី លោកSANUI Kazumasa តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃការ) ប្រចាំប្រទេសជប៉ុន លោក លោកស្រីតំណាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា តំណាងអង្គការចៃការប្រចាំប្រទេសកម្ពុជា លោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលរងក្រុង ទីចាត់ការ អង្គ-ភាពចំណុះសាលាខេត្តដែលពាក់ព័ន្ធទាំងអស់។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានថ្លែងថា រដ្ឋបាលខេត្តសៀមរាបបានទទួលនូវជំនួយនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) អស់រយៈពេលជាង២ឆ្នាំមកហើយ ទៅលើការជួយសិក្សា និងរៀបចំទីក្រុងសៀមរាប នៃខេត្តសៀមរាបឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ។ នៅក្នុងរយៈពេលជាង២ឆ្នាំនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) នៅក្នុងដំណាក់កាលទី១ (២០២០-២០២១) នៃគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសJICAបានជួយសិក្សាក្នុងការស្វែងរកបញ្ហាប្រឈមដែលកំពុងតែកើតមានឡើងនៅក្នុងក្រុងសៀមរាប រហូតបានរៀបចំជាផែនទីមេចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ (២០២១-២០៣៥)។
លោកស្រី បានបន្ថែមផងដែរថា ចំណែកនៅក្នុងដំណាក់កាលទី២នៃគម្រោងដែលបានចាប់ផ្តើមឡើងពីខែឧសភា ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) នឹងត្រូវធ្វើការសម្រេចឲ្យបាននូវលទ្ធផលរំពឹងទុកចំនួន០៣ គឺទី១ការបង្កើតរចនាសម្ព័ន្ធ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ទី២ដំណើរការនៃការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃតាមរយៈការដាក់អនុវត្តសាកល្បងនូវគម្រោងនានា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើងក្រុងសៀមរាប និងទី៣ការបង្កើតនូវប្រព័ន្ធតាមដាន និងវាយតម្លៃវិធីសាស្រ្តទីក្រុងឆ្លាតវៃ។ ជាមួយគ្នានេះផងដែរ នៅក្នុងដំណាក់កាលទី២នេះ រដ្ឋបាលខេត្តក៏ត្រៀមធ្វើការសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ក្នុងការដាក់ឲ្យអនុវត្តសាកល្បងនូវគម្រោងវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងក្រុងសៀមរាបតាមរយៈគម្រោងចំនួន០៦ផងដែរ។
ទន្ទឹមគ្នានឹងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន(MLIT) ក្រុងសៀមរាបនៃខេត្តសៀមរាប ក៏បានទទួលនូវការផ្តល់ជូនដ៏ថ្លៃថ្លាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានសម្រេចក្នុងការផ្តល់នូវថវិកាចំនួន ១៥០លានដុល្លារសហរដ្ឋអាមេរិច ក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។ នៅក្នុងគម្រោងស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាបនេះ ក៏មានផងដែរនូវការរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឲ្យគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបផងដែរ ដែលក្នុងនោះមានដូចជា ការរៀបចំបង្កប់នូវប្រព័ន្ធខ្សែភ្លើង និងខ្សែកាបិ៍ក្រោមដី ការបំពាក់ភ្លើងបំភ្លឺ សាធារណៈ ការរៀបចំប្រព័ន្ធភ្លើងសញ្ញាចរាចរឆ្លាតវៃ និងការបំពាក់ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព…។ល៕
ដោយ៖សហការី