ព័ត៌មានទាន់ហេតុការណ៍៖

មិត្តភក្តិ ផឹកស៊ីទាស់ពាក្យសម្ដីក្លាយជាហិង្សាឈ្នះជាប់ខ្នោះ ចាញ់ចូលពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានរឿងគួរឱ្យហួសចិត្តខណៈត្រូវជាមិត្តភក្តិនិងគ្នាផឹកស៊ីរហូតដល់ស្រវឹងទាស់ពាក្យសម្ដីបានក្លាយជាហិង្សាអ្នកឈ្នះជាប់ខ្នោះអ្នកចាញ់ចូលពេទ្យ។

ការឃាត់ខ្លួនធ្វើឡើងវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២២ស្ថិតនៅចំណុចភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថាបុរសសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ តាត សុបុិន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយក្អែឃុំតាសួស ស្រុកស្វាយជ្រំ ។

ចំណែកជនរងគ្រោះ មានឈ្មោះសឹង ធារ៉ា អាយុ២៣ឆ្នាំមុខរបរកសិករ រស់នៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នានិយាយគ្នាលេងយ៉ាងសប្បាយក្រោយមកប្រមាណកន្លះម៉ោងមានអាការៈស្រវឹងស្រឿងៗស្រាប់តែ មានទំនាស់ពាក្យសម្ដីជនសង្ស័យឈ្មោះតាត សុបុិនខឹងយ៉ាងខ្លាំង បានលោតទៅវាយជនរងគ្រោះត្រូវចំមុខមួយដៃ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាបងប្អូន នៅក្បែរជួយឃាត់ចេញ ប៉ុន្តែអ្នកទាំងពីរនៅតែបន្តឈ្លោះប្រកែកសម្ដីគ្នាដដែលមិនអស់ចិត្តជនសង្ស័យបន្តយកដុំថ្ម មកវាយត្រូវចំក្បាល បណ្តាលឱ្យមានរបួសក្បាល។

ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចុប្បន្នក្រោយសាកសួររួចសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖