ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ ជាប្រចាំរាល់ខែ ដោយដាក់ទិសដៅការងារឲ្យ បានច្បាស់លាស់ បញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឲ្យការងាររបស់ខ្លួនដំណើរការទៅដោយរលូន រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ។
លោក ឃួង ស្រេង បានជំរុញបែបនេះនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង មានប្រសាសន៍ថា៖ ក្នុងនាម អាជ្ញាធរខណ្ឌ សង្កាត់ត្រូវរួមគ្នាសហការគ្នាដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញរបស់យើងមានទាំងសន្តិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានល្អពិសេស ការពិនិត្យទៅលើមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងសំរាម ធូលីជាដើម ដោយធ្វើការរាយការណ៍ក៏ដូចជាអន្តរាគមន៍ដើម្បីយកសំរាមនិងធូលីចេញពីដងផ្លូវនានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់។
លោកក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-19 ទាំងខណ្ឌ ទាំងសង្កាត់និងមន្ទីរពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបំពេញការងារនេះ មិនថាថ្ងៃឬយប់ឡើយ រហូតទទួលបានជោគជ័យនិងបានបើកដំណើរការ សេដ្ឋកិច្ចប្រទេសឡើងវិញ ដែលគិតមកពេលនេះ ភាពជោគជ័យក្នុងការទប់ស្កាត់ កូវីដ-19 មានរយៈពេលមួយឆ្នាំគត់។
លោក ឃួង ស្រេង ក៏បានជម្រុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ បន្តបំរើប្រជាពលរដ្ឋបន្ថែមទៀតពិសេស ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការគោរពស្រលាញ់និងជឿទុកចិត្តពីប្រជាពលរដ្ឋ រហូតដល់ពួកគាត់បោះឆ្នោតឱ្យយើងនៅឆ្នាំ២០២៣ខាងមុខ។ ការផ្តល់សេវានៅទីណាល្អ ទីនោះប្រជាពលរដ្ឋ កាត់បន្ថយបាននូវភាពក្រីក្រនិងកាត់បន្ថយអំពើហិង្សាផងដែរ។ ខណ្ឌ សង្កាត់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបានពន្ទុះច្រើន ឈានទៅទទួលបានចំណាត់ថ្នាក់ផ្កាយច្រើន។ លើកកំពស់សេវាសង្គមជួយប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ និងជម្រុញបានឱ្យសង្កាត់ ខណ្ឌ ជម្រុញ ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នានិងទាន់ពេល ។
គួរបញ្ជាក់ថា៖ ចំពោះលទ្ធផលនៃការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមលទ្ធផលដែលក្រសួងមហាផ្ទៃ បានធ្វើការពិនិត្យវាយតម្លៃ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២០-២០២១ គឺរាជធានីភ្នំពេញ ទទួលបានពាន់រង្វានជើងឯកចំនួន ២ខណ្ឌ និង២សង្កាត់ រួមមាន៖ រដ្ឋបាលខណ្ឌមានជ័យ ទទួលបានជ័យលាភីជើងឯកលេខ២។ រដ្ឋបាលខណ្ឌកំបូល ទទួលបានជ័យលាភីជើងឯកលេខ៣ រដ្ឋបាលសង្កាត់បឹងកេងកងទី១ ទទួលបានជ័យលាភីជើងឯកលខ១ រដ្ឋបាលសង្កាត់បឹងកេងកងទី២ ទទួលបានជ័យលាភីជើងឯកលេខ៤(បានប្រគល់ជូនរួចដោយក្រសួងមហាផ្ទៃកាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) ។
ចំពោះពានរង្វាន់ផ្កាយសេវាសង្គមដែលត្រូវធ្វើពិធីប្រគល់ជូននេះ រួមមាន៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៩ ទទួលបានផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៣ ទទួលបានផ្កាយ២ ។ ចំណែករដ្ឋបាលសង្កាត់ចំនួន២៨ទទួលបានផ្កាយ៣ រដ្ឋបាលសង្កាត់ចំនួន១៥ទទួលបានផ្កាយ២និងរដ្ឋបាលសង្កាត់ចំនួន៨ទៀត ទទួលបានផ្កាយ១ ទាបជាងគេ ៕
ដោយ ៖ សំរិត