ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពដឹកឈើនៅខេត្តក្រចេះ ខេត្តត្បូងឃ្មុំ បង្ហាញឱ្យឃើញថាឈ្មួញគឃ្លើនបំផុត !

ចែករំលែក៖

ខេត្តក្រចេះ ៖ ព្រឹកព្រលឹមអុរ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើបណ្ដាញទំនាក់ទំនងសង្គម facebook បានបង្ហោះយ៉ាងព្រោងព្រាត ពីសកម្មភាពឈ្មួញដឹកជញ្ជូនឈើយ៉ាងចំហរ មានទាំងរូបថត មានទាំងវីដេអូឃ្លីបកំពុងដឹកជញ្ជូន រហូតដល់បង្ហាញនូវការរិះគន់យ៉ាងធ្ងន់ធ្ងរដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ហេតុអ្វីក៏មិនបង្ក្រាប ? ផ្ទុយទៅវិញ ! មិនដឹងជារងការស្ដីបន្ទោសពីខាងលើ ឬទើសភ្នែក នូវសកម្មភាពស្តែងៗនេះពេក ទើបមានការបង្ក្រាបដោយកម្លាំងសមត្ថកិច្ច។

ជាក់ស្តែងនៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងស្នាក់ការសន្តិសុខ៧០៦ ព្រមទាំងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ាង ដឿន មេបញ្ជាការរងស្រុក សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វរសេនីយ៍ ទោ សែម ឃាង បានធ្វើការចាប់រថយន្តដឹកឈើអារចម្រុះចំនួន ០២គ្រឿង នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានឃាត់រថយន្តសាំងយ៉ុងពណ៌ទឹកប្រាក់គ្មានស្លាកលេខដឹកឈើអារលេខ ២ ចម្រុះ និងរថយន្តសាំងយ៉ុងពណ៌ស្លែ គ្មានស្លាកលេខដឹកឈើអារលេខ ២ ចម្រុះ ម្ចាស់រថយន្តរត់គេចខ្លួនបាត់អស់។

បច្ចុប្បន្នវត្តុតាង ខាងលើយកមកប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដើម្បីចាត់ការតាមនីតិវិធី ។ 

គួរឱ្យសោកស្ដាយដែរ ! ឡានដឹកឈើ តកន្ទុយគ្នា ជាបទល្មើសជាក់ស្ដែង ប្រមូលទិញ ដឹកជញ្ជូន ចែកចាយ ក្នុងស្រុក និងនាំចេញ ។ ទីបំផុតសមត្ថកិច្ចបែរជាមិនអាចឃាត់ខ្លួនមេឈ្មួញបានទៅវិញ ? ៕


ដោយ : សិលា


ចែករំលែក៖