អ្នកចាត់ការ Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធ ErlingHaaland របស់ Manchester City នឹងរំលងការប្រកួត Champions League របស់ពួកគេជាមួយក្រុម Sevilla នៅថ្ងៃពុធនេះ ជាការប្រុងប្រយ័ត្ន បន្ទាប់ពីកីឡាករន័រវេសរូបនេះមិនបានលេងក្នុងជ័យជម្នះ ១–០ នៅ Premier League កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Leicester City ដោយសាររបួស។
Haaland ដែលរកបាន២២គ្រាប់ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ត្រូវបានប្តូរចេញក្នុងពាក់កណ្តាលទីពីរនៃការប្រកួត Champions League ដោយគ្មានគ្រាប់បាល់របស់ Man City ជាមួយអតីតក្រុម BorussiaDortmund កាលពីថ្ងៃអង្គារសប្តាហ៍មុនបន្ទាប់ពីមានបញ្ហារបួស ។
លោក Guardiola បាននិយាយថា គាត់នឹងមិនប្រថុយនឹងអ្នកស៊ុតបញ្ចូលទីនាំមុខគេទេ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sevilla ក្នុងការប្រកួតក្លិបលំដាប់កំពូលនៅអឺរ៉ុប ខណៈដែល Man City បានឆ្លងផុតវគ្គជម្រុះរួចហើយ។
លោក Guardiola បានប្រាប់ BBC នៅពេលសួរអំពីកាលបរិច្ឆេទត្រឡប់មកវិញដ៏មានសក្តានុពលរបស់ Haaland ថា “ខ្ញុំមិនដឹងទេ! គាត់មានរបួសសរសៃពួរ គាត់មានអារម្មណ៍ធូរស្រាល យើងមានពេលមួយសប្តាហ៍ទៀត”។
លោកអះអាងថា “គាត់នឹងមិនលេងទល់នឹង Sevilla ទេ ពីព្រោះពួកយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ហើយសង្ឃឹមថាពេលប៉ះ Fulham(នៅថ្ងៃសៅរ៍) គាត់អាចជួយយើងបាន។ បើមិនដូច្នេះទេ គាត់អាចនឹងលេងជាមួយ Chelsea ក្នុងពានរង្វាន់ League Cup នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ”។
គួរបញ្ជាក់ថា ក្រុម Man City ខ្វះការស៊ុតបាល់បញ្ចូលទីក្នុងតង់ទីមួយនៅទឹកដីក្រុម Leicester ប៉ុន្តែការទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលពីខ្សែបម្រើ Kevin De Bruyne បានធ្វើឲ្យក្រុម Man City ទទួលជ័យជម្នះ ខណៈដែលក្រុមជើងឯកមួយនេះបានបន្តកាន់កាប់លេខ២នៅ Premier League ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)