ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតចិនចូលរួមសិក្ខាសាលាស្តីពី”សមិទ្ធផលផ្លែផ្កានៃសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០”ដោយតាមប្រព័ន្ធអុីនធើណេត

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី៣១ខែតុលា ឆ្នាំ២០២២ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពី”សមិទ្ធផលផ្លែផ្កានៃសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០”ដោយតាមប្រព័ន្ធអុីនធើណេត។ សិក្ខាសាលាខាងលើនេះជាការរៀបចំរួមគ្នាដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)និងបណ្ឌិត្យសភាភាពជាអ្នកដឹកនាំតេជោ(Techo leadership academy)។ លោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា, លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកនៃវិទ្យាស្ថានAVI, លោក Zhao Shulan អនុប្រធានមជ្ឈមណ្ឌលទំនាក់ទំនងមុខវិជ្ជាអន្តរជាតិនៃបណ្ឌិត្យសភាសង្គមខេត្តយូណានប្រទេសចិន និង លោក Wu Chuanbing ទីប្រឹក្សានៃស្ថានទូតចិនអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។

លោកឯកអគ្គរដ្ឋទូតចិនបានបង្ហាញយ៉ាងលម្អិតអំពីអត្ថន័យជាប្រវត្តិសាស្រ្តដ៏សំខាន់នៃសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ ដោយបានសង្កត់ធ្ងន់ថា សមិទ្ធផលផ្លែផ្កាដ៏សំខាន់បំផុតរបស់សមាជគណបក្សកុម្មុយនីស្តចិនលើកទី២០គឺការកំណត់តួនាទីស្នូលរបស់លោកអគ្គលេខាធិការបក្ស Xi Jinping នៅក្នុងមជ្ឈិមបក្សនិងបក្សទាំងមូល និងការកំណត់គំនិតសង្គមនិយមតាមបែបចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ឱ្យក្លាយជាគំនិតដឹកនាំមុតមាំដ៏ចាំបាច់ក្នុងរយៈពេលវែង និងព្រមទាំងបានធ្វើការបកស្រាយស្មារតីទាំង៣ក្នុងសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ដែលក្នុងនោះរួមមាន និន្នាការនិងទិសដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសចិន, ទម្រង់និងទិសដៅនៃការប្រាស្រ័យរបស់ចិនជាមួយបរទេស និងការកសាងគណបក្សកុម្មុយនិស្តចិនដោយខ្លួនឯងជាដើម។

ភាគីកម្ពុជានិងភ្ញៀវកិត្តិយសដែលបានចូលរួមពិធីខាងលើបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារសុន្ទរកថាដ៏មានអត្ថន័យរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិន យល់ថាការបកស្រាយរបស់ឯកឧត្តមគឺអ្វីដែលភាគីកម្ពុជាកំពុងគិត បានជួយដល់ប្រជាជនកម្ពុជានៅគ្រប់មជ្ឈដ្ឋានអាចស្វែងយល់កាន់តែច្បាស់អំពីសារសំខាន់ជាប្រវត្តិសាស្ត្រនិងសមិទ្ធផលដ៏មហិមានៃសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០។ អ្នកតំណាងចូលរួមផ្សេងទៀតក៏បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីប្រធានបទស្តីពីគំនិតផ្ដួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ,ទំនាក់ទំនងចិន-អាមេរិកជាដើម និងមានការយល់ឃើញរួមគ្នាថាប្រទេសចិនប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្ដាប្រទេសដោយផ្អែកលើគោលការណ៍ទាំងប្រាំក្នុងការរួមរស់ដោយសន្តិភាព ហើយទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងកម្ពុជាផងដែរ។ ជឿជាក់ថាប្រទេសចិននឹងទទួលបានសមិទ្ធផលថ្មីនិងរឹតតែធំធេងក្នុងការកសាងប្រទេសជាតិ បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី និងរក្សាសន្តិភាពនិងការអភិវឌ្ឍន៍លើឆាកអន្តរជាតិនិងក្នុងតំបន់៕

ដោយ ៖ សិលា


ចែករំលែក៖