ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បុរសជាម្ចាស់រថយន្តឡិចសុីស៥៧០ ដែលបាញ់សម្លាប់យុវជនម្នាក់ស្លាប់នៅតាមដងផ្លូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

 ភ្នំពេញ៖ បុរសវ័យជាង៤០ឆ្នាំដែលជាម្ចាស់រថយន្តឡិចសុីស570 បាញ់សម្លាប់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងមូលដ្ឋានខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាហើយបានឡោមព័ទ្ធផ្ទះជនសង្ស័យ ស្រាប់តែពេលនោះជនសង្ស័យបានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក។ 

    យោងតាមចម្លើយសារភាពរបស់បុរសវ័យចំណាស់ជាម្ចាស់រថយន្តឡិចសុីស570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់នោះបានឲ្យដឹងថា ខ្លួនកំពុងតែបើករថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូមកប៉ះរថយន្តរបស់គាត់ហើយមិនព្រមឈប់ទេគឺព្យាយាមគេចបន្ថែមទៀតក៏ឮសំឡេងស្រែកមកថាចោរៗផងនោះ ខ្លួនក៏បានដកកាំភ្លើងខ្លីបាញ់ចេញពីក្នុងរថយន្តពីក្រោយតែម្ដងបណ្ដាលឱ្យស្លាប់តែម្ដង។ 

   បច្ចុប្បន្នបុរសជាជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

    គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២  យុវជនម្នាក់ដែលគេសង្ស័យថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណាទេបានព្យាយាមជិះម៉ូតូគេចខ្លួន ស្រាប់តែមានបុរសម្នាក់កំពុងតែបើករថយន្តម៉ាកឡិចស៊ីស ៥៧០ បានដកកាំភ្លើងខ្លីបាញ់ទៅលើយុវជនដែលគេសង្ស័យជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅម្ដុំសាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

   តាមមន្រ្តីជំនាញបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅតាមផ្លូវលំ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវ២គ្រាប់ចំខ្នងធ្លាយមកទ្រូងដួលស្លាប់នៅលើចិញ្ចើមផ្លូវ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែល្បាតនិងច្បាមមុខសញ្ញាគាស់ផ្ទះ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូពីរគ្រឿង ដោយម្នាក់ជាម៉ូតូម៉ាកហុងដាឌ្រីម និងម្នាក់ទៀតដែលជាជនរងគ្រោះបានស្លាប់គឺជិះម៉ូតូម៉ាកស្គុពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JG-៤៧២៩ ត្រូវបានជនស៊ីវិលម្នាក់ដែលកំពុងតែជិះរថយន្តម៉ាកឡិចស៊ីស 570 kuro ពណ៌ខ្មៅ បានដកកាំភ្លើងបាញ់ទៅលើយុវជនដែលជាជនសង្ស័យជិះម៉ូតូម៉ាកស្កូពីពីក្រោយខ្នងចំនួន០២គ្រាប់ ដួលម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ 

    បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើរកុសល្យវិច័យរួចត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា ប្រគល់ជូនសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖