ខេត្តស្វាយរៀង ៖ មានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្ទះល្វែងមួយកន្លែងនៅទល់មុខផ្សារស្វាយជ្រំបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនិងអាជីវករលក់ដូរនិងរបាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់តែអកុសលភ្លើងឆេះខ្លាំងពេកបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងឆេះរថយន្តមួយគ្រឿងដោយមូលហេតុដោយសារផ្ទុះធុងហ្គាស។
ហេតុការណ៍នេះបានកើតឡើងកំឡុងម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ខែវិឆ្ឆិកាឆ្នាំ២០២២ទល់មុខផ្សារស្វាយជ្រំក្នុងភូមិស្វាយក្ងោឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាម លោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យកាសែតនគរវត្តដឹងនៅរសៀលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២នេះថា បុរសដែលស្លាប់មានឈ្មោះ កៅ យាន ភេទប្រុសអាយ៧០ឆ្នាំមុខរបរនៅផ្ទះភូមិស្វាយក្ងោ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំពោះសម្ភារដែលខូចខាតរួមមាន ៖ ផ្ទះមួយខ្នងមានទំហំ៧ម៉ែត្រគុណនិង៩ម៉ែត្រដំបូលប្រក់ក្បឿងថ្មក្រោម, រថយន្តសាំយ៉ុង០១គ្រឿង ,ប្លង់ដី១៥ប្លង់ ប្រាក់ ១លានរៀល, ដុល្លារ ១០០០ដុល្លារ ទូដាក់ខោអាវ ០៤ អត្តសញ្ញាណប័ណ្ណ១, គ្រែ៥និងសាឡុង១ឈុត។
ប្រភពបន្តថាសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង មានរបស់កងរាជអាវុធហត្តខេត្ត របស់អធិការនគរបាលក្រុងស្វាយរៀង របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនិងរបស់អធិការស្រុកស្វាយជ្រំ ហើយអគ្គិភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែលដោយមូលហេតុផ្ទុះធុងហ្គាស។
បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុលឺសូរសំឡេងផ្ទុះ២ដងចេញពីក្នុងផ្ទះល្វែងមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងអ្នកធ្វើដំណើរ ខណៈមានផ្សែង និងភ្លើងហុយឆេះយ៉ាងសន្ធោសន្ធៅ និងនាំគ្នាជួយដងទឹកពន្លត់និងរាយការណ៍មក សមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ ចេញរថយន្តអគ្គិភ័យ ជួយបាញ់ពន្លត់ប៉ុន្តែដោយអកុសល ដោយទ្វារចាក់សោរ ពីក្នុងទើបមិនអាចសង្គ្រោះជីវិតលោកតាម្នាក់ឆេះស្លាប់គួរឱ្យសង្វេគបំផុត ៕
ដោយ៖ សុថាន