ខេត្តស្ទឹងត្រែង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួររន្ធត់រវាងរថយន្តវេអង នឹងរថយន្តឡិចស៉ីសបើកបុកគ្នាពេញទំហឹង បណ្តាលឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក តែហេតុការណ៍នេះមិនបានបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ តែក្រោយឃើញហេតុការណ៍មិនស្រួល តៃកុងរថយន្តធុនធំបានបើកទ្វាររថយន្តដាក់ប្រូចបាត់។ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧ៈ០០នាទីព្រឹក ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក.ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែកជាបួន ឬហៅថាផ្លូវប្រសព្វគ្នា ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
បើតាមអ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា រថយន្តប្រភេទវេអង (V1) ពណ៌ក្រហមពាក់ស្លាកលេខក្បាលរថយន្ត ភ្នំពេញ3C.3702, ស្លាកលេខរ៉ឺម៉កភ្នំពេញ4A-1393. បើកបរពីលិចទៅកើត ប្រសព្វគ្នាជាមួយរថយន្តឡិចស៉ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S-0016 បើកបរពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុខាងលើ ធ្វើឱ្យរថយន្តឡិចស៉ីសបុករថយន្តវេអងចំកង់ក្បាលរ៉ីម៉ករថយន្តវេអងបណ្តាលឱ្យរថយន្តឡិចស៉ីសរងការខូចខាតផ្នែកក្បាលរថយន្តទាំងស្រុង តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។ ក្រោយកើតហេតុតៃកុងរថយន្តវេអងបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល មុនពេលនគរបាលចរាចរណ៍ផ្លូវគោកមកដល់កន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានមកដល់ចំណុចកើតហេតុខាងលើ ដោយបានសន្និដ្ឋានទៅលើហេតុការណ៍នេះថា បណ្តាលមកពីអ្នកបើកបរមិនបានគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរលើផ្លូវសាធារណៈពេលអ្នកបើកបរមកដល់ចំណុចផ្លូវប្រសព្វមិនបានមើលស្លាកសញ្ញាឱ្យបានត្រឹមត្រូវ និងមិនបានបន្ថយល្បឿនក្នុងការបើកបរ ពេលឃើញអ្នកផ្សេងបើកបរនៅចំពោះមុខ និងមិនបានផ្តល់សិទ្ធិអាទិភាព ផ្លូវទីប្រជុំជន ឬផ្លូវអាទិភាព ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ។
បច្ចុប្បន្នរថយន្តបង្កទាំងពីរត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍អូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីរង់ចាំម្ចាស់រថយន្តទាំងពីរចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា នេះជាករណីគ្រោះថ្នាក់ចរាចរណ៍លើកទី៤ហើយ បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ក្នុងពីរករណីគឺរវាងម៉ូតូបុកជាមួយរថយន្ត ពីរករណីផ្សេងទៀតរវាងរថយន្តវេអង បុកជាមួយរថយន្តធុនតូច តែមិនបង្កឱ្យមនុស្សគ្រោះថ្នាក់ឡើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ហេតុដែលឧស្សាហ៍គ្រោះថ្នាក់ចរាចរណ៍នៅចំណុចខាងលើនេះ គឺបណ្តាលមកពីពុំទាន់មានស្លាកសញ្ញាត្រឹមត្រូវនៅចំណុចផ្លូវប្រសព្វ ផ្លូវកែង ផ្លូវកោង និងផ្លូវទាល់ គួរតែដាក់ស្លាកសញ្ញាឱ្យឆ្ងាយបន្តិចងាយស្រួលអ្នកបើកបរមានការប្រុងប្រយ័ត្នជាមុន ទើបមិនប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងជាញឹកញាប់៕
ដោយ៖ មាស សុផាត