ក្រុម Salzburg នឹងធ្វើដំណើរទៅជួបក្រុម AC Milan សម្រាប់ការប្រកួតវគ្គចែកពូល UEFA Champions League នៅកីឡដ្ឋាន StadioGiuseppe Meazza នៅរាត្រីថ្ងៃពុធនេះ ជាមួយនឹងការសម្លឹងរកកន្លែងមួយក្នុងវគ្គ១៦ក្រុមដូចគ្នា។ ការប្រកួតវគ្គចែកពូលចុងក្រោយរបស់ ACMilan បានធ្វើឱ្យពួកគេយកឈ្នះ ៤–០ លើក្រុម Dinamo Zagreb នៅកីឡដ្ឋាន Stadion Maksimir។ កីឡាករ Matteo Gabbia, Rafael Leãoនិង Olivier Giroud ជាអ្នកស៊ុតបញ្ចូលទីក្នុងជ័យជម្នះនេះ។
ក្រុម Salzburg បានធ្លាក់ចុះពីការបរាជ័យលើកដំបូងរបស់ពួកគេក្នុងការប្រកួតនៅរដូវកាលនេះ ដោយចាញ់ក្រុម Chelsea ២–១ នៅផ្ទះក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេ។ រីឯក្រុម AC Milan ស្ថិតនៅលេខ២ក្នុងពូលមាន៧ពិន្ទុ ខណៈដែល Salzburg មាន៦ពិន្ទុឈរលេខ៣។ ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងស្ថិតក្នុងទីតាំងសម្រាប់កន្លែងមួយក្នុងវគ្គជម្រុះ ខណៈដែលក្រុមភ្ញៀវស្ថិតក្នុងជួរដែលត្រូវផ្ទេរទៅកាន់វគ្គ Play-off ជុំចុងក្រោយនៃក្របខ័ណ្ឌ Europa League ។
ក្រុមតោខៀវ Chelsea កំពុងនាំមុខគេមាន១០ពិន្ទុឈរកំពូលតារាង ហើយបានដណ្តើមយកកន្លែងរបស់ពួកគេក្នុងវគ្គ១៦ក្រុមរួចទៅហើយ ខណៈដែលក្រុម Dinamo Zagreb ស្ថិតក្នុងគ្រោះថ្នាក់នៃការជម្រុះចេញពីការប្រកួតនៅទ្វីបអឺរ៉ុប ដោយឈរនៅលេខរៀងទី៤ មាន៤ពិន្ទុ។
AC Milan និង Salzburg បានប្រកួតស្មើ ១–១ ក្នុងជំនួបវគ្គចែកពូលដំបូងនៅ Red Bull Arena កាលពីថ្ងៃទី៦ ខែកញ្ញា។ កីឡាករ Noah Okaforបានស៊ុតបញ្ចូលទីគ្រាប់តែ១គត់របស់ Salzburg នៅនាទីទី២៨ ខណៈដែលកីឡាករ Alexis Saelemaekers រកបានមួយគ្រាប់ឲ្យក្រុមអ៊ីតាលីនៅនាទីទី៤០។
AC Milan មានកីឡាករ Giroud និង Saelemaekers នៅ Champions League ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរួមគ្នាដោយមានគ្រាប់បាល់២គ្រាប់ ខណៈដែល Okafor គឺជាខ្សែប្រយុទ្ធនាំមុខគេសម្រាប់ក្រុមSalzburg ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង Champions League រដូវកាលនេះ ក្នុងនោះមានទាំងគ្រាប់បាល់បើកឆាកចំនួន២គ្រាប់ផងដែរ។
ក្រុមភ្ញៀវបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Champions League ៥ដងរបស់ពួកគេក្នុងរដូវកាលនេះ។ រីឯក្រុមម្ចាស់ផ្ទះ AC Milan ឈ្នះមួយ និងចាញ់មួយនៅរដូវកាលនេះក្នុងការប្រកួត Champions League ២លើកមុនរបស់ពួកគេនៅក្នុងទឹកដី ខណៈដែល ក្រុម Salzburg បានប្រកួតស្មើក្នុងការប្រកួតទាំង២លើកមុនរបស់ខ្លួនៅក្រៅដី។
ក្នុងការប្រកួត៦លើកចុងក្រោយរបស់ក្រុម AC Milan ឈ្នះ៤ និងចាញ់២រកបានការស៊ុតបាល់បញ្ចូលទី ១៣គ្រាប់ និងរបូត៦គ្រាប់ក្នុងអំឡុងពេលនោះ។ ចំណែក Salzburg ឈ្នះ៣ ស្មើ២ និងចាញ់១ ក្នុង៦ប្រកួតចុងក្រោយ។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទី១២គ្រាប់ និងរបូត៥គ្រាប់។
ក្រុមទាំង២នឹងប៉ះគ្នានៅវេលាម៉ោង៣រំលងអធ្រាត្រម៉ោងនៅកម្ពុជាដែលជាការប្រកួតវគ្គជម្រុះតាមពូលចុងក្រោយ។ ប្រសិនបើក្រុម Salzburg ឈ្នះនោះនឹងឡើងទៅកាន់វគ្គ១៦ក្រុមជាមួយ Chelsea ប៉ុន្តែបើសិនជា AC Milan ទប់បានត្រឹមស្មើក៏ឡើងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)